ភ្នំពេញ៖ បុរសម្នាក់មានអាការៈមិនស្រួលខ្លួនបានបេីកឡំប្រឺតាមកទិញថ្នាំលេប តែជាអកុសលបានគាំងបេះដូងស្លាប់នៅមុខឱសថស្ថានបារីសហ្វាម៉ា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង កាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ២០០២ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ ថាំង រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នករត់ឡំប្រឺតា បច្ចុប្បន្នរស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមសម្ដីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ប្ដីរបស់គាត់បានទូរស័ព្ទប្រាប់ថាមិនស្រួល ក៏បានបេីកឡំប្រឺតា (ភាគច្រេីនពលរដ្ឋហៅកង់បីឥណ្ឌា) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1LB-2319 មកទិញថ្នាំលេបនៅទីតាំងកើតហេតុខាងលើ។
បេីតាមប្រភពពីកន្លែងកេីតហេតុបានឱ្យដឹងដែរថា មុនកេីតហេតុគេឃើញបុរសរងគ្រោះខាងលើចុះពីលើឡំប្រឺតាទាំងមានអាការៈមិនស្រួលខ្លួននិងដួលលេីឥដ្ឋ ហេីយពលរដ្ឋក៏បាននាំគ្នាជួយសង្រ្គោះផងដែរ ដោយបានយកជនរងគ្រោះដាក់លើកៅអីហើយធ្វើចលនាបេះដូង រួចក៏បានទំនាក់ទំនងទៅរថយន្ដសង្រ្គោះបន្ទាន់ តែជាអកុសលជនរងគ្រោះក៏គាំងបេះដូងស្លាប់បាត់ទៅ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកពិនិត្យសព។ក្រោយពិនិត្យរួចសមត្ថកិច្ចជំនាញបញ្ជាក់ថា សពជនរងគ្រោះខាងលើស្លាប់ដោយសារគាំងបេះដូង រួចធ្វេីកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ