ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំបច្ចេក ទេសដល់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង,លោក កែវ ធីវុធ្ធ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយតំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោស លបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ប្រធាន អនុប្រធាន និងសមាជិកគ្រប់គណៈកម្មការពាក់ព័ន្ធនឹងដំណើរការស្រង់បូកពិន្ទុ និងផ្ទៀងផ្ទាត់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីណែនាំពង្រឹងបន្ថែមពីគោលការណ៍ និងបច្ចេកទេសជំរុញឱ្យដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានអនុវត្តដោយភាពត្រឹមត្រូវ តាមបច្ចេកទេសស្របតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានប្រកបសុក្រឹតភាព ដែលឆ្លុះបញ្ជាំងពីសមត្ថភាពពិតប្រាកដរបស់បេក្ខជនប្រឡង “ចេះគឺជាប់”។
បន្ទាប់ពីស្តាប់ចំណាប់អារម្មណ៍របស់តំណាងអង្គភាពប្រឆាំងអំពើពុករលួយដែលបានលើកឡើងថាដំណើរការកំណែឆ្នាំនេះមានភាពល្អប្រសើរជាងឆ្នាំមុនៗ បណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសសើរ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ដែលជានិច្ចកាលបានចូលរួមគាំទ្រដំណើរការប្រឡង និងកំណែប្រកបដោយការយកចិត្តទុកដាក់ ក៏ដូចជាថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ របស់គណៈកម្មាការទាំងអស់ ចាប់តាំងពីការចាប់ផ្តើមការប្រឡងរហូតដល់កំណែចប់សព្វគ្រប់ និងបានណែនាំដល់ក្រុមការងារស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ ឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យរឹងមាំ ប្រសិនបើមានអាការៈមិនប្រក្រតី ហត់នឿយក្នុងពេលបំពេញការងារដោយប្រការណាមួយ ត្រូវជម្រាបទៅក្រុមការងារ និងត្រូវសម្រាក ព្រមទាំងបានស្នើឱ្យបន្តរក្សាស្មារតីម៉ត់ចត់ច្បាស់លាស់ក្នុងការបំពេញការងារនេះ រហូតដល់បញ្ចប់គ្រប់ដំណាក់កាលដោយជោគជ័យ៕
ដោយ៖ សូរិយា