ព័ត៌មានទាន់ហេតុការណ៍៖

លោកហេង សួរ និងលោកWang Wenbin ជួប ពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយលោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ 

ជំនួបពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ផ្តោតយ៉ាងសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន លើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា។ 

លោកហេង សួរ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកWang Wenbin ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមា និតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស លោករដ្ឋមន្ត្រី ជឿជាក់ថាវត្តមានលោក Wang Wenbin នឹងជម្រុញឱ្យទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន កាន់តែស្អិតរមួតថែមទៀត។ 

លោករដ្ឋមន្ត្រី បានថ្លែងការអរគុណដល់រដ្ឋាភិបាលនៃប្រទេសចិនដែលជាដៃគូដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍន៍វិស័យសង្គម-សេដ្ឋកិច្ច នៅកម្ពុជា ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន អគារខ្ពស់ៗ ថាមពលអគ្គិសនី ការផ្តល់អាហារូបករណ៍សម្រាប់និស្សិតខ្មែរទៅសិក្សាបន្តនៅប្រទេសចិន ជាពិសេសវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ដែលបង្កើតការងារជាច្រើនសម្រាប់កម្ពុជា។ ទន្ទឹមនេះលោករដ្ឋមន្ត្រីគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងបន្តគាំពារដល់វិនិយោគិនចិន ក៏ដូចជាប្រជាជនចិនដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា និងប្រជាជនចិនមានទំនាក់ទំនងល្អ និងទទួលបានផលប្រយោជន៍រវាងគ្នាទៅវិញទៅមក។ 

ចំណុចដ៏សំខាន់ ដែលលោករដ្ឋមន្ត្រី លើកឡើងនៅក្នុងជំនួបនេះដែរ គឺការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស នៅតាមវិទ្យាស្ថានបណ្តះបណ្តាលបច្ចេកទេសនានានៅកម្ពុជា ដោយបច្ចុប្បន្នកម្ពុជា-ចិន ក៏មានកិច្ចសហការសម្រាប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅក្នុងខេត្តព្រះសីហនុផងដែរ។ 

ជាការឆ្លើយតប លោក Wang Wenbin បានថ្លែងការអរគុណចំពោះ លោករដ្ឋមន្ត្រី ដែលលើកឡើងពីទំនាក់ ទំនងដ៏ល្អរវាងកម្ពុជា-ចិន ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដោយលោកឯកអគ្គរដ្ឋទូតបង្ហាញការគាំទ្រ និងយល់ឃើញថាការបណ្តុះបណ្តាលជំនាញបច្ចេកទេសសម្រាប់ប្រជាជនកម្ពុជានឹងបង្កើតកម្លាំងពលកម្មជំនាញសម្រាប់បំពេញតម្រូវការសម្រាប់រោងចក្រ ក្រុមហ៊ុនរបស់ចិននៅកម្ពុជា ខណៈដែលបច្ចុប្បន្នការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជាមានច្រើន ដូចជាវិស័យកាត់ដេរ ឧស្សាហកម្មកែច្នៃ រោងចក្រផលិតសំបកកង់កៅស៊ូជាដើម។ 

ទន្ទឹមនឹងការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការនេះ លោកWang Wenbin បានលើកជាសំណើចំនួនពីរ។ ទី១ ស្នើឱ្យមានការរៀបចំកិច្ចប្រជុំរវាងភាគីរាជ រដ្ឋាភិបាលកម្ពុជា ជាមួយបណ្តាក្រុមហ៊ុនវិនិយោគរបស់ចិននៅកម្ពុជា ដើម្បីស្វែងយល់ពីតម្រូវការក្នុងការបណ្តះបណ្តាលជំនាញបច្ចេកទេសសម្រាប់ប្រទេសកម្ពុជា និងទី២ ស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យមើលលើការចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងនៃប្រទេសចិន ផងដែរ។ 

ចំពោះសំណើទាំងពីរនេះលោករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រ និងគូសបញ្ជាក់ថា ក្រសួងនឹងពិនិត្យទៅលើការ រៀបចំទៅតាមសំណើនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖