ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ប្ដេជ្ញាបន្តពូនជ្រុំបន្តទំនាក់ទំនងមិត្តភាពល្អ រឹងមាំ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកជាមួយមិត្ដឡាវ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្ដេជ្ញាបន្តពូនជ្រុំបន្តទំនាក់ទំនងមិត្តភាពល្អ រឹងមាំ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកជាមួយមិត្ដឡាវ ដែលជាប្រទេសភូមិផងរបងជាប់កម្ពុជា។

ការប្ដេជ្ញារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យលោក ស៊ីន ឡៈវង់ ឃុនផៃធូន (Sinlavong Khoutphaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៦៨ឆ្នាំមកហើយ និងប្ដេជ្ញាបន្តពូនជ្រុំបន្តទំនាក់ទំនងមិត្តភាពល្អ រឹងមាំ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសយើងទាំងពីរនេះ។ 

កម្ពុជា-ឡាវនឹងប្រារព្ធខួបទី ៧០ឆ្នាំនៃទំនាក់ទំនងនេះ នៅ ២ឆ្នាំទៀត ក្នុងនោះ គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងជាងពាក់កណ្ដាលនៃទំនាក់ទំនងនេះ ពោលគឺចាប់ពីឆ្នាំ ១៩៧៩មក ។ 

សម្ដេចតេជោ ក៏បានជម្រាបជូន លោកប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ពីប្រវត្តិនៃការបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានបង្កើតឡើងក្រោយដែលសម្ដេចបានបង្កើតកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅឆ្នាំ១៩៧៨។ ការបង្កើតរណសិរ្សក្រោយនោះ គឺបានយកឈ្មោះតាមកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយត្រូវបានប្ដូរឈ្មោះជាបន្តបន្ទាប់តាមកាលទេសៈរហូតមកដល់សព្វថ្ងៃនេះ ។ 

សម្ដេចតេជោ បានសំដែងការរីករាយដែលទំនាក់ទំនងមិត្តភាព សាមគ្គីភាពកម្ពុជា-ឡាវ  បានឈានរហូតដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” និង ស្តែងឡើងច្រើនរូបភាព, ទាំងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល, សភានិងសភា, ប្រជាជននិងប្រជាជន, បក្សនិងបក្ស ព្រមទាំងរវាងរណសិរ្សនិងរណសិរ្ស ហើយនិងបាន ជំរុញដល់ការរីកចម្រើនលើវិស័យផ្សេងៗទៀត ទាំងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និង កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនៅក្នុងអាស៊ាន។ 

សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាត្រូវការបន្តទិញអគ្គិសនីពីឡាវ  សម្រាប់ប្រើប្រាស់ក្នុងប្រទេស និង បញ្ជូន ទៅប្រទេសសិង្ហបុរី ដែលជាគំនិតផ្តួចផ្តើមថ្មី និងជាកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការតភ្ជាប់ក្នុងអាស៊ាន។

លោក ស៊ីន ឡៈវង់ ឃុនផៃធូន បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអនុសាសន៍ណែនាំដ៏ស៊ីជម្រៅទាក់ទងនឹងសាមគ្គីភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយ លោកសន្យាថា នឹងបន្តប្រពៃណីនេះ ទុកជាមរតកដ៏ថ្លៃថ្លា ហើយនិងផ្សព្វផ្សាយប្រពៃណីនេះ ជូនចំពោះយុវជនជំនាន់ក្រោយ ឱ្យបន្តខិតខំរក្សាទំនាក់ទំនងនេះ ដែលយើងមានព្រំដែនជាប់គ្នាមិនអាចលើកទៅណាបានទេ។ 

លោកបានលើកឡើងថា សម្តេចតេជោ គឺជាមេដឹកនាំដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ  នៅក្នុងអាស៊ាននិងលើសកលលោក។ លោក ពិតជាសប្បាយរីករាយ ដែលទទួលបានការរៀនសូត្រពីសម្ដេច។

លោក ក៏បានជម្រាបសម្តេច ពីជំនួបជាមួយសម្តេច ម៉ែន សំអន ដោយបានរំលឹកពីវីរភាព និងបទពិសោធន៍ដឹកនាំរណសិរ្ស និងការកសាងប្រទេសកម្ពុជាដ៏អស្ចារ្យរបស់សម្តេច ដែលអាចបង្រួបបង្រួមជាតិ ប្រែក្លាយប្រទេសដែលមានភាគីច្រើន មកជាប្រទេសដែលមានរដ្ឋាភិបាលដឹកនាំតែមួយ កម្លាំងប្រដាប់អាវុធតែមួយ និងមានឯកភាពជាតិទាំងមូល។ 

លោកប្រធាន បានជម្រាបសម្តេចតេជោ ពីសមិទ្ធផលនៃទំនាក់ទំនងរវាងរណសិរ្សនៃប្រទេសទាំងពីរកន្លងមក ក៏ដូចជាភាពជោគជ័យនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ឆ្នាំ២០២៤-២០២៨។ លោក បានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានចំនួន៨ប្រការសំខាន់ៗ ដោយបញ្ជាក់ពីការសាមគ្គីភាពស្អិតល្មួត និងការប្តេជ្ញាចិត្តថែរក្សាពូនជ្រំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងឡាវ ដែលបានកសាងតាំងពីយូរលង់មកហើយ និងបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

លោកប្រធាន បានស្នើសុំអនុសាសន៍ ក៏ដូចជាសូមស្តាប់នូវបទពិសោធរបស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេសកម្ពុជា រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ដោយឯកឧត្តមបានចាត់ទុកសម្តេចតេជោ និងលោក វង្ស វិហាន ជាមេដឹកនាំដែលមានភាពល្បីល្បាញចំពោះទស្សនៈវែងឆ្ងាយ ស៊ីជម្រៅ និងការដាក់ចេញយុទ្ធសាស្រ្ត និងយុទ្ធវិធីដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងទទួលបានជោគជ័យ។ 

ឯកឧត្តម បានបន្តទៀតថា លោកនឹងកត់ចំណាំរាល់អនុសាសន៍របស់សម្តេចតេជោ ដើម្បីជាមគ្គុទេសបង្ហាញផ្លូវក្នុងការដឹកនាំរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ជាពិសេស ក្នុងការរៀបចំផែនការទៅថ្ងៃអនាគត ការបណ្តុះបណ្តាលកម្មាភិបាលវ័យក្មេង និងអ្នកបន្តវេន។ 

ក្នុងនោះប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវក៏ថ្លែងថា ៖ សម្ដេចមហាបវរធិបតីជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត ។

សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ស៊ិនឡៈវង្ស ឃុតផៃធូន ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ 

នៅក្នុងជំនួប លោក ស៊ិនឡៈវង្ស ឃុតផៃធូន  បានអបអរសាទរចំពោះការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី ដែលជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្ម និងជាបញ្ញវន្ត។ លោកមានជំនឿយ៉ាងមុតមាំថា សម្ដេចបវរធិបតីនឹងបន្តដឹកនាំ និងអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ទន្ទឹមនឹងនេះ លោក ស៊ិនឡៈវង្ស ឃុតផៃធូន  បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ លោក ស៉ិនឡៈវង្ស ឃុតផៃធូន បានជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងការបន្ត ពង្រឹង កិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ផងដែរ។ 

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងជាប្រពៃណីរវាងកម្ពុជា និងឡាវ ព្រមទាំងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ដែលនេះក៏ជាការចូលរួមចំណែកនៅក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ 

សម្ដេចបវរធិបតី និងលោក ស៊ិនឡៈវង្ស ឃុតផៃធូន  បានផ្លាស់ប្ដូរយោបល់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗដែលរួមមានជាអាទិ៍៖ វិស័យថាមពល, ពាណិជ្ជកម្ម, ទេសចរណ៍, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សំដៅជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ ក៏ដូចជា វិស័យ សន្តិសុខ និង ការពារ ជាតិ ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖