ព័ត៌មានទាន់ហេតុការណ៍៖

ហូបចុកជុំគ្នា​ ពេលស្រវឹងរំលឹករឿងចាស់ ទៅដាស់រឿងថ្មីឱ្យកេីតឡេីង ម្នាក់ចូលពេទ្យនិងម្នាក់ទៀតត្រូវសមត្ថកិច្ច​ស្រុកមោងឫស្សី​ឃាត់ខ្លួន

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ស្រុក​មោង​ឫស្សី​ បានឃាត់ខ្លួន​ជនដៃដល់​ម្នាក់​ ក្រោយពួកគេហូបចុកជុំគ្នា​ ដល់ពេលស្រវឹងរំលឹករឿងចាស់ទៅដាស់រឿងថ្មីឱ្យកេីតឡេីង​ ក្លាយជា​ហិង្សា​ម្នាក់ចូលពេទ្យនិងម្នាក់ទៀតចូលគុក។ 

ប្រភពដដែលបន្តថា​ ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​កាលពីយប់ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង៣០នាទីនៅចំណុចព្រៃរនាមក្រោម ស្ថិតក្នុងក្រុមទី១៤ ភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើងប្រព្រឹត្តដោយជនសង្ស័យម្នាក់ឈ្មោះ ពៅ ផលគា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង (មានមុខរបរស៊ីឈ្នួលឃ្វាលក្របី)នៅចំណុចកើតហេតុប្រដាប់ដោយកូនកាំបិតចុងស្រួច បានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះឈ្មោះ ខយ ចាន់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោង ឫស្សី ខេត្តបាត់ដំបង(ស្នាក់នៅក្រាំងក្របីចំណុចកើតហេតុ) បណ្ដាលឱ្យរងរបួសកំភួនដៃស្ដាំ០២កន្លែង,កំភួនដៃឆ្វេង០៤កន្លែង, ក្រោមក្លៀកខាង ស្ដាំ០១កន្លែង និងក្រោមក្លៀកខាងឆ្វេង ០១កន្លែង ត្រូវបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ 

ពេលកេីតហេតុនិងទទួលបានព័ត៌មាននេះ​ ក្រោមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដា​ញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង​ លោកវរសេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ បានដឹកនាំកម្លាំងធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី​ និងដកហូតវត្ថុតាងនាំមកធ្វេីការសាកសួរនៅអធិ​ការដ្ឋាននគរបាលស្រុក។ 

តាមរយៈការសាកសួរនេះបានឱ្យដឹងថា​ មូលហេតុនៃករណីហិង្សានេះគឺបណ្តាលមកពីទំនាស់ពាក្យសម្តីគ្នានៅពេលហូបគ្រឿងស្រវឹងជុំគ្នារួចផ្តេីមរំលឹករឿងចាស់កាលនៅឃ្វាលក្របី​ ក៏ផ្តើមបង្កេីតទៅជារឿងថ្មីតែម្តងទៅ។ 

ពេលនេះអធិការដ្ឋាននគរបាលស្រុកមោងឫស្សីបានកសាងសំណុំរឿង​បញ្ជូនទៅអនុវត្តតាមនីតិវិធី​ច្បាប់ហេីយ៕

ដោយ៖ អរុណរះ


ចែករំលែក៖