ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល ៩ខែ​ឆ្នាំ​២០២៤នេះ! កម្ពុជា​ រកប្រាក់ចំណូលបានជិត៤០០ លានដុល្លារពីការនាំចេញជ័រកៅស៊ូ​

ចែករំលែក៖

 ភ្នំពេញ​៖​ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា ក្នុងរយៈពេល ៩ខែ​ ឆ្នាំ២០២៤នេះ​ កម្ពុជារកប្រាក់ចំណូលចំនួន ៣៩៤ លានដុល្លារពីការនាំចេញជ័រកៅស៊ូធម្មជាតិ កើនឡើង ១៨ ភាគរយពីជិត ៣៣៣ លានដុល្លារ​ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍​ដដែល​ បានគូសបញ្ជាក់ថា​ កម្ពុជាបាននាំចេញទំនិញចំនួន ២៤៨ ៥៣៥ តោនក្នុងអំឡុងខែមករាដល់ខែកញ្ញាឆ្នាំនេះ កើនឡើង ២,៤ ភាគរយពីចំនួន ២៤២ ៦៥៤ តោនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បេីតាមអគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ​ លោកគុណ កក្កដា បានលើកឡើងនៅក្នុងរបាយការណ៍ថា៖«ជ័រកៅស៊ូមួយតោនជាមធ្យមមានតម្លៃ ១ ៥៨៦ ក្នុងរយៈ៩ខែនៃឆ្នាំ ២០២៤នេះដែលកើនឡើងប្រហែល ២១៥ ដុល្លារខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន» ។

អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់​ទៀត​ថា​ កម្ពុជា​ នាំចេញផលិតផលកៅស៊ូធម្មជាតិជាចម្បងទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។

គួរជម្រាបជូនដែរថា​ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា​ លោក ​ម៉ែន ​សុភក្តិ ​កាលពី​ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ​ក៏ធ្លាប់បាន​បញ្ជាក់ថា៖ ការប្រមូលផលជ័រកៅស៊ូយកមកកែច្នៃបានគ្រប់គ្រាន់ ខណៈកម្ពុជាកំពុង​មាន​កំណើនផ្ទៃដីចៀរជ័រកៅស៊ូបន្ថែម ដែលធ្វើឱ្យបរិមាណ​ប្រមូលផលកើនឡើងជាងមុន។

ប្រធាន​សមាគម​រូបនេះ​ បានបន្ថែមថា​ តម្លៃកៅស៊ូនៅ​ក្នុងសប្ដាហ៍​នេះ បានធ្លាក់ចុះប្រមាណ ៥០ ដុល្លារ ប្រៀបនឹងសប្ដាហ៍មុន ដោយលក់ក្នុងតម្លៃជាង ១ ពាន់ ៦ រយ ដុល្លារ ក្នុងមួយតោន (ប្រភេទកៅស៊ូល្អ) ខណៈ​ជ័រ​កៅស៊ូ​ប្រភេទលេខ ១០ តម្លៃធ្លាក់ក្រោម ១ ពាន់ ៦ រយដុល្លារ។ លោក​បញ្ជាក់​ថា មូលហេតុដែលតម្លៃធ្លាក់ចុះ ដោយសារតម្រូវការ​ទីផ្សារ​បានធ្លាក់ចុះ តម្លៃកៅស៊ូក៏ធ្លាក់ចុះដែរ។ 

យោងតាមរបាយការណ៍ដដែល កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៧ ១៧២ ហិកតា ដែលក្នុងនោះមានប្រមាណ ៧៨,៦ ភាគរយអាចជៀជរ័បាន៕

ដោយ​៖ តារា​


ចែករំលែក៖