ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចម៉ែ ផ្ញើព្រះរាជសារប្រទានពរដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានផ្ញើព្រះរាជសារប្រទានពរដល់ សម្តេចមហាបវរធិបតី នៅក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

តាមរយៈព្រះរាជសារ សម្តេចព្រះមហាក្សត្រី បានមានព្រះបន្ទូលទាំងស្រុងថា៖

សម្តេចមហាបវរធិបតី ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត

នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចមហាបវរធិបតី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូម ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូន សម្តេចមហាបវរធិបតី សូមទទួលបាននូវ មហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។

ខ្ញុំសូមសម្តែងនូវសេចក្ដីកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះវីរភាពរបស់សម្តេចមហាបវរធិបតី ដែលបានលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ប្រកបដោយ គតិបណ្ឌិតដ៏ឈ្លាសវៃ ប៉ិនប្រសប់ពោរពេញដោយសក្តានុពល និងឆន្ទៈមនសិការ ដើម្បីបុព្វហេតុជូនជាតិ មាតុភូមិ និងប្រជារាស្ត្រ មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ មានភាពរីកចម្រើន ព្រមទាំងមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសខួបចម្រើនជន្មាយុដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមប្រសិទ្ធពរ សូម សម្តេច មហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹង ព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចមហាបវរធិបតី ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖