ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ជូ ប៊ុនអេង អញ្ជើញជាអធិបតីពិធីអបអរសាទយុទ្ធនាការ ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស លើកទី៣

ចែករំលែក៖

ខេត្តសៀមរាប ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរយុទ្ធនាការ ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស លើកទី៣ ឆ្នាំ២០២៤ បានរៀបចំឡើងនៅសួនច្បារខាងជើងព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ម្សិលមុិញ។ 

ព្រឹត្តិការណ៍នេះ រៀបចំដោយអង្គការអេ២១ប្រចាំកម្ពុជា ដោយសហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង រដ្ឋបាលខេត្តសៀមរាប និង ការមានចូលរួម ពីលោក លោកស្រីតំណាងអន្តរជាតិ និង លោក Nick និង Christine Caine ស្ថាបនិកអង្គការអេ២១ ព្រមទាំងថ្នាក់ ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក ឃុំ/សង្កាត់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ យុវជនកាក បាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា នារីការិទ្ធកម្ពុជា សិស្សានុសិស្ស និង វិស័យឯកជន ចំនួនប្រមាណជា១ពាន់នាក់។

កញ្ញា Kristen Scharf នាយិកាអង្គការអេ២១ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់អំពីវិបត្តិអំពើជួញដូរមនុស្សនៅទូទាំងពិភពលោក បានជះឥទ្ធិពលលើគ្រប់ប្រជាជាតិ និងទីតាំងភូមិសាស្ត្រទាំងអស់ ហើយសារសំខាន់ ជាសកលនៃព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំធ្វើឡើងនៅខេត្ត ក្រុងចំនួន ៤០០ នៃ ៤២ប្រទេសនៅលើពិភពលោក ។ កញ្ញានាយិកាប្រចាំប្រទេសកម្ពុជា បានធ្វើការកត់សម្គាល់ថា «ថ្ងៃនេះមិនត្រឹមតែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះឡើយ ពោលគឺ វាជាសេចក្តីប្រកាសមួយ ហើយក៏ជាសេចក្តីថ្លែងការណ៍ដ៏ច្បាស់ទៅកាន់ប្រជាជាតិរបស់យើង និងពិភពលោកថា ប្រទេសកម្ពុជា បន្តរួបរួមគ្នាប្រឆាំងនឹងអំពើជួញដូរមនុស្ស»។

កញ្ញា ក៏បានលើកទឹកចិត្តអ្នកចូលរួមឱ្យបន្តស្វែងរក មតិគាំទ្រនៅក្នុងសហគមន៍របស់ពួកគេ គាំទ្រជនរួចជីវិតពីគ្រោះថ្នាក់ និងបន្តទទួលបានព័ត៌មានដើម្បី ការពារសុវត្ថិភាពខ្លួនឯងពីអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច។ 

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រី  ម៉ននី រងី្ស អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរួចមក, លោកស្រី ជូ ប៊ុនអេង បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយនឹងព្រឹត្តិការណ៍នៅខេត្តសៀមរាបនេះ គឺជាព្រឹត្តិការណ៍ធំបំផុតនៅទូទាំងពិភពលោក ដោយបានទាក់ទាញអ្នកចូលរួមជាង ១ពាន់នាក់ មានមន្ត្រីរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល មន្ត្រីអនុវត្តន៍ច្បាប់ អ្នកមានឥទ្ធិពលនៅលើបណ្តាញទំនាក់ទំនងសង្គម យុវជន និងសមាជិកសហគមន៍។

លោកស្រី បានបញ្ជាក់ថា ជាការកត់សម្គាល់ចំពោះការរៀបចំព្រឹត្តិការណ៍ ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស នៅខេត្តសៀមរាបនៅក្នុងរយៈពេលបីឆ្នាំជាប់គ្នានេះ បានប្រមូលផ្តុំសហគមន៍ចម្រុះគ្នា ក្នុងការបង្ហាញអំពីក្តីសង្ឃឹម និងភាពធន់ ដែលជម្រុញនូវជំហរឯកភាពមួយប្រឆាំងនឹងបញ្ហាសកលដ៏បន្ទាន់នេះ។ ដើម្បីបុព្វហេតុនេះ ព្រឹត្តិការណ៍ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្សនៅកម្ពុជា មិនត្រឹមតែបានលើកកម្ពស់ការយល់ដឹងប៉ុណ្ណោះឡើយ ប៉ុន្តែថែមទាំងបានជម្រុញឱ្យមានវិធានការនានាសំដៅសម្រេចបានពេលអនាគតមួយ ដែលគ្មានអំពើកេងប្រវ័ញ្ច ដោយមនុស្សមួយក្រុមបានកំពុងតែព្យាយាមបំផ្លាញពិភពលោកដ៏ស្រស់ស្អាតនេះ។ 

លោកស្រី បន្ដថា ក្នុងថ្ងៃនេះយើងឃើញជាក់ពិភពលោក មានភាពស្រស់ស្អាត ដែលគួរឱ្យរស់នៅ តែក៏ត្រូវបានមនុស្សមួយក្រុមបានកំពុងព្យាយាមបំផ្លាញមនុស្សទៅតាមគ្រប់ ទម្រងនៃបទល្មើស ជាសំខាន់ គឺអំពើជួញដូរមនុស្ស ដែលគេមិនបានលើកលែងលើមនុស្សគ្រប់វ័យ  គ្រប់សញ្ជាតិ ព័រណ៌ សម្បុល គ្រប់ឋានះ តួនាទីដែលមាននៅក្នុងពិភពលោក ។ ដើមី្បភាពសុខសាន្តរបស់ប្រជាជាតិនៅលើពិភពលោក និយាយ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា យើងត្រូវរួមដៃគ្នា ដើមី្បប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងអស់គ្នា។

លោកស្រី ក៏បានធ្វើការកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង អង្គការដៃគួរ និង អង្គការមិនមែនរាជរដ្ឋាភិបាលទាំងអស់ដែលបានរួមសាមគ្គីគ្នា ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងបានថ្លែងអំណរគុណដៃគូរប្រទេសជាមិត្តទាំងអស់ ដែលធ្វើជាសាកី្ស ថា កម្ពុជាមិនថយក្រោយឡើយ ចំពោះការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដោយយើងធ្វើដំណើរទៅមុខ ដើមី្បជោគជ័យជាចុងក្រោយ ក្នុងការការពារមនុស្ស ការពារអ្នករស់រាន មានជីវិតជំនាន់ក្រោយឱ្យរួចផុតពីគ្រោះថ្នាក់ដោយអំពើជួញដូរមនុស្សនេះ៕

ដោយ ៖ សិលា


ចែករំលែក៖