ភ្នំពេញ៖ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ដោយឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ និងគ្រឿងញៀនជាង១០០គីឡូក្រាម។
ដោយអនុវត្តតាមគំរូដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រយៈពេលជិត១ខែ រហូតកំណត់មុខសញ្ញាបាន ឈានដល់ការបង្ក្រាបជាក់ស្តែង ០២យប់ ០២ថ្ងៃ ឆែកឆេរទីតាំង ចំនួន ០៤ ដោយមានការសម្របសម្រួលពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញគ្រឿងញៀនចម្រុះ ប្រហែល១០០គីឡូក្រាម។
តាមរបាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ជំនាញបានធ្វើការបិទបញ្ចប់ការសើបអង្កេត ក្នុងលទ្ធផលដូចខាងក្រោម៖
*ឃាត់ខ្លួនជនជាតិចិន ចំនួន ០៤នាក់ (ប្រុស០៣ ស្រី០១) ពាក់ព័ន្ធគ្រឿងញៀន។
*ចាប់យកវត្ថុតាង គ្រឿងញៀនចម្រុះ សរុប ១០០គីឡូ ៧ខាំ ៥៦.១០ក្រាម (ថ្លឹងទាំងសំបក) ដោយក្រោយពេលធ្វើតេស្តនិងដកសំបកថង់រួច គ្រឿងញៀនសរុបមានចំនួន ៩៥គីឡូ ៩ខាំ ៥៤.៥០ក្រាម ព្រមទាំងសម្ភារៈពាក់ព័ន្ធនឹងការវេចខ្ចប់គ្រឿងញៀងជាច្រើនទៀតផងដែរ។
ជនសង្ស័យប្រុសស្រីជនជាតិចិនទាំង០៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ ជ្រោយពេជ្រ