ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៤ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

កិច្ចប្រជុំគណៈកម្មការតំបន់របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាវេទិកាថ្នាក់តំបន់មួយ ដែលរៀបចំឡើងទៀងទាត់ជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន ៣៧ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី/គម្រោង នានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។ លើសពីនេះ កិច្ចប្រជុំធ្វើឡើងដើម្បីស្វែងរក និងអនុម័តដំណោះស្រាយបញ្ហានានាក្នុងការពិនិត្យ និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។ 

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកពីជំហរកម្ពុជា៖ 

ទី១-ជាឱកាសផ្លាស់ប្តូរគំនិត យោបល់ និងគិតគូរួមគ្នា, ។

ទី២-ពិនិត្យ និងស្វែងយល់កិច្ចការប្រឈមក្នុងតំបន់ និងកម្រិតសកល, ។

៣-រួមគ្នាស្វែងយល់ រិះរកវិធីសាស្ត្រដោះស្រាយ ពិសេសសម្រាប់ប្រទេសប្រហាក់ប្រហែលគ្នា ។

៤-អំពីកត្តាប្រឈមដូចជាកត្តាធនធានមនុស្ស (ទាំងគុណភាព និងបរិមាណ) ។

និងទី៥-ខិតខំឱ្យមានតុល្យភាពអំពីធនធានមធ្យោបាយ ទាំងផ្នែកបង្ការ និងព្យាបាល ដែលត្រូវមាននវានុវត្តន៍ និងទំនើបកម្មទទួលយកនិងអាចធ្វើបាន។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗ មួយចំនួនស្តីពីលទ្ធផលសម្រេចបានក្នុងវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។

 នៅក្នុងឱកាសបេសកកម្មចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ខាងលើនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចុះហត្ថលេខាលើយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោកឆ្នាំ២០២៤-២០២៨ ជាមួយ លោកវេជ្ជបណ្ឌិត សាយអា ម៉ាអួ ព្យួកាឡា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។ យុទ្ធសាស្រ្តនេះកំណត់អំពីចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ក៏ដូចជារួមចំណែកឈានទៅសម្រេចយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៖ កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០៣៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០៕

ដោយ ៖ សិលា


ចែករំលែក៖