ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេច ចោទប្រកាន់ក្រុមក្មេងទំនើង ចំនួន១៨នាក់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់តំណាងអយ្យការសម្រេចចោទប្រកាន់លើក្រុម ជនសង្ស័យទាំង១៨នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ ចំណុចមហាវិថីចោមចៅហៅផ្លូវវេងស្រេង ទល់មុខផ្សារខេម៉ល ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។ ក្នុងនោះមានឈ្មោះ ក្រុមC.T.C, ក្រុម៩៧ ហៅផ្ទះឡ និងក្រុម ពោធិ៍ចិនតុងហ្សីន P.C.T។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្មេងទំនើងពីរក្រុម ដោយ០១ក្រុមមានគ្នាជាង១០នាក់ ម៉ូតូ០៥គ្រឿង មិនចាំ ម៉ាក ហើយខ្លះថ្មើរជើង ជាក្រុមឈ្មោះ C.T.C និងក្រុម៩៧ ហៅផ្ទះឡ និង០១ក្រុមទៀតឈ្មោះ ពោធិ៍ចិនតុងហ្ស៊ីន P.C.T មានគ្នាជាង៥០នាក់ ជិះម៉ូតូប្រហែល៤០គ្រឿងមិនចាំម៉ាក បានប្រើអំពើហិង្សាយកដុំថ្ម ដុំឥដ្ឋ មួកសុវត្ថិភាព ដំបងឈើ ដែកទីប កាំបិតប៉័ងតោ កាំបិតផ្គាក់ ដេញកាប់គ្នា គប់ដុំថ្មដាក់គ្នា និងដេញវាយគ្នាទៅវិញទៅមក នៅ ចំណុចលើផ្លូវមហាវិថីចោមចៅ ហៅផ្លូវវេងស្រេង ទល់មុខផ្សារខេម៉ល ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២ក្រុម  ចំនួន១៨នាក់ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖