ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់អតីតប្តីដែលគាស់ទ្វារផ្ទះចូលទៅចាក់ប្រពន្ធទាំងរំលងអធ្រាត្រ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ មានករណីប៉ុនប៉ុងឃាតកម្មមួយកើតឡើងនៅភូមិកោះ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បណ្តាលឱ្យស្រ្តីម្នាក់ឈ្មោះ ឃឿន ណាវី អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ ខេត្តសៀមរាប ក្រោយអតីតប្តីរបស់នាងចូលទៅចាក់និងកាប់ព្រោះតែភ្លើងប្រចណ្ឌ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនបង្កឈ្មោះ គង់ សារ៉ុម អាយុ២៦ឆ្នាំ នៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ជនសង្ស័យប្រាប់ថា ខ្លួនបានផឹកស្រាបៀរមានគ្នា៤នាក់ លុះដល់ម៉ោងប្រហែល១២យប់ ខ្លួនបានខ្ចីម៉ូតូមិត្ដភក្តិ១គ្រឿង និងដំបងទីបប្រវែងកន្លះម៉ែត្រ ជិះពីភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ទៅឈប់នៅមុខផ្ទះជនរងគ្រោះនៅភូមិឃុំខាងលើ។

ជនសង្ស័យបានវាយបុកទម្លុះទ្វារឈើខាងក្រោយផ្ទះ ហើយបានយកកាំបិតចិតបន្លែរបស់ជនរងគ្រោះទុកនៅចង្រ្កានបាយ និងដំបងទីបចូលទៅកាប់និងចាក់លើជនរងគ្រោះ ត្រូវចំក្បាល៣កន្លែង និងដៃសងខាង។

មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះសួរសុំយកឯកសារសំបុត្របញ្ជាក់កំណើតកូន តែជនរងគ្រោះប្រាប់ថា មិនឱ្យទេ រួចជនសង្ស័យប្រាប់ជនរងគ្រោះថា ចឹងចាំទៅសាលាឃុំ ស្របពេលនោះជនសង្ស័យបានសួរជនរងគ្រោះបន្តទៀតថា រាល់ថ្ងៃនៅណា? ជនរងគ្រោះឆ្លើយថា នៅភ្នំពេញ ជនសង្ស័យនិយាយថា បើទៅភ្នំពេញមានតែទៅជួបប្រុស។ ភ្លាមនោះជនរងគ្រោះបិទទូរស័ព្ទ, បិទលេខជនសង្ស័យមិនឱ្យទូរសព្ទចូលតែម្តង ទើបជនសង្ស័យមកដល់ផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពកាប់នឹងចាក់តែម្តង។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកស្ទោង ឃាត់ខ្លួន និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖