ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណែនាំឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា រួមទាំងសាលានគរបាលជាតិតាមបណ្ដាភូមិភាគទាំង៦ សិក្សារៀបចំផ្ដល់ជម្រើសប្រើប្រាស់សៀវភៅមេរៀននានាដល់សិស្ស-និស្សិតនគរបាល។
ជាជម្រើស គឺបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលភូមិភាគ ត្រូវរៀបចំបញ្ចូលសៀវភៅមេរៀននានាទៅក្នុងប្រព័ន្ធអនឡាញ ហើយរៀបចំប្រព័ន្ធ QR-code ដើម្បីឱ្យសិស្ស-និស្សិត អាចទាញអានលើទូរសព្ទនិងកុំព្យូទ័រ ឬទាញបោះពុម្ពជាសៀវភៅនោះដោយខ្លួនឯង ក្នុងករណីមិនចង់ទិញ។
លោកអភិសន្តិបណ្ឌិត មានប្រសាសន៍ថា “ជម្រើសនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្ស-និស្សិតនគរបាល និងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យជឿនលឿនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទាំងមុំធនធានមនុស្ស និងឌីជីថល”៕
ដោយ ៖ លោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត និងជាអនុប្រធានក្រុមការងារតាមដានគោលការណ៍ណែនាំរបស់លោកអភិសន្តិបណ្ឌិត