ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៤នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក លោកអភិសន្តិបណ្ឌិត ដ សុខា និងសម្តេចក្រឡាហោម ស ខេង ចំនួន ៥៨២គណនី

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ៖ នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផល របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៤នេះ។

លោកអភិសន្តិបណ្ឌិត ស សុខា  បន្តថា ៖ ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៤នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋចំនួន ៥៨២គណនី ដែលក្នុងនោះរួមមានមតិយោបល់របស់ប្រជាពលរដ្ឋចំនួន១៨៤គណនី បានលើកឡើងជាធាតុចូលជូនថ្នាក់ដឹកនាំនិងអង្គភាពជំនាញផ្សេងៗដើម្បីជ្រាបក៏ដូចជាការកែលំអរក្នុងការងារប្រចាំថ្ងៃក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ។

លោកអភិសន្តិបណ្ឌិត ស សុខា លើកឡើងថា ៖ ទន្ទឹមនឹងនេះដែរក្រុមការងារក៏បានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីចំនួន ២៧៤គណនី និង ១២៤គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ 

លោកអភិសន្តិបណ្ឌិត ស សុខា ថា ៖ ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមលើកទឹកចិត្ត និងសូមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក ខិតខំប្រឹងប្រែង និងការសហការគ្នាបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិ ឲ្យបានកាន់តែល្អប្រសើរ។  ខ្ញុំក៏សុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ។

លោកអភិសន្តិបណ្ឌិត ស សុខា បន្តថា ៖ ខ្ញុំក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកដ៏សំខាន់ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង ៕

ដោយ ៖ សិលា


ចែករំលែក៖