ព័ត៌មានទាន់ហេតុការណ៍៖

សាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី២ ដល់សិស្សនគរបាលជ័យលាភី សរុបចំនួន ១៧៩នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សាលានគរបាលជាតិភូមិភាគ៥ខេត្តបាត់ដំបង បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី២ ដល់សិស្សនគរបាលជ័យលាភី សរុបចំនួន១៧៩នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងលោកនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។

ជាកិច្ចចាប់ផ្តើមនៃពិធីបិទវគ្គនេះ លោកវរសេនីយ៍ឯក ឈួន សុវណ្ណារ័ត្ន នាយកសាលានគរបាលជាតិភូមិភាគ៥ បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាល។

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល បានលើកឡើងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងបានដាក់ចេញនូវផែនការកំណែទម្រង់លើ កងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្ដោតសំខាន់ ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាល។

ទន្ទឹមនេះដែរ លោកឧត្តមសេនីយ៍ឯក បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យ កត់សម្គាល់របស់សាលានគរបាលជាតិភូមិភាគ៥ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលក្នុងយុគ សម័យនៃសន្តិភាព និងប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីបំពេញបានតាមតម្រូវការនៃ ការបណ្តុះបណ្តាលប្រកបដោយគុណភាព ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ការ គោរពក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិង ទស្សនៈវិស័យជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពេលនោះដែរ លោក បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែក ជាមួយក្រសួងមហាផ្ទៃក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៥។

 លោកក៏បានថ្លែងកោតសរសើរដល់សិស្សនគរបាលជ័យលាភីទាំងអស់ដែលបានខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យរបស់សាលាបានល្អ រហូតទទួលបានជោគជ័យ ព្រមទាំងបានផ្ដាំផ្ញើដល់ប្អូនៗឱ្យ យកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព និងសង្គមជាតិ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សនគរបាល ជ័យលាភីជានិមិត្តរូបចំនួន២០រូបផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖