ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន ខណៈដែលគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ជូ គួរពីវ អនុប្រធាននយោបាយ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន ខណៈដែលគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍ និងសោមនស្សរីករាយបំផុត ចំពោះដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិននៅកម្ពុជា ស្របពេលដែលទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពប្រទេសទាំងពីរកំពុងមានការរីកចម្រើន។

ឧត្តមសេនីយ៍ឯក ជូ គួរពីវ ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះដំណើរមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង ដោយមានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកម្ពុជា ហើយតាមរយៈទស្សនកិច្ចនេះ ឧត្តមសេនីយ៍ឯក ជូ គួរពីវ បានមានជំនឿថា និងទទួលបានជោគជ័យផ្លែផ្កាថ្មីៗបន្ថែមទៀត។

ឧត្តមសេនីយ៍ឯក ជូ គួរពីវ បានលើកឡើងពីចំណងមិត្តភាពកម្ពុជា ចិន ដែលដែលជាមិត្តយូរអង្វែង បង្ហាញយ៉ាងប្រចក្សពីគោលនយោបាយការទូត តម្កល់ទុកគ្នាក្នុងឋានៈអាទិភាព ពិសេសការរួមសុខរួមទុក្ខជាមួយគ្នានៃប្រទេសទាំងពីរ បានក្លាយជាគំរូភាពនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសធំ តូច និងឆ្លុះបញ្ចាំងពីការគោរពគ្នា ភាពសុខដុមរមនាជាមួយគ្នា។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការចូលរួមអបអរសាទរខួបលើកទី៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាខួបលើកទី៦៦ នៃចំណងការទូត កម្ពុជា-ចិន ដែលជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ហើយបានក្លាយជាទំនាក់ទំនងការទូតគម្រូផងដែរ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានកំណត់យកជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំរីកចម្រើន។

នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយឧបត្ថម្ភយ៉ាងធំធេង ទាំងសម្ភារៈថវិកា ដើម្បីរួមចំណែកអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យរហូតដល់សព្វថ្ងៃ ហើយមើលមុខស្មើមាត់ជាមួយបណ្ដាប្រទេសនៅលើសាកលលោក។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានឧបត្ថម្ភថវិកាក្នុងពេលថ្មីៗនេះក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ និងបានអរគុណចំពោះការជួយទំនុកបម្រុងដល់ការកសាងទំនើបកម្មក្នុងកងយោធពលខេមរភូមិន្ទ ដូចជានៅវិទ្យាស្ថានកងទ័ពជើងគោក នៅមូលដ្ឋានរាម ទៅបញ្ជាការដ្ឋានការពារអាកាស ក៏ដូចជានៅបញ្ជាការដ្ឋានកាំភ្លើងធំ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានសំណូមពរដល់ភាគីចិន ក្នុងការផ្លាស់ប្ដូរទស្សនកិច្ចគ្នានៅគ្រប់កម្រិត ការផ្ដល់ព័ត៌មានពីគ្នាទៅវិញទៅមកដើម្បីប្រឆាំងពួកជ្រុលនិយម ការផ្លាស់ប្ដូរព័ត៌មានប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះ«គោលនយោបាយចិន មួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិន និងប្រឆាំងដាច់ខាតរាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន៕

ដោយ ៖ សិលា


ចែករំលែក៖