ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group កំពុង​ស្វែងយល់បន្ថែមទៀតលើសក្ដានុពលនៃការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានឱ្យដឹងថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក XU Shilong អគ្គនាយកក្រុមហ៊ុន Shanghai Geoharbour Group និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

ក្នុងជំនួបនេះ​បានធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ​ គណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី អំពីសាវតាររបស់ក្រុមហ៊ុនដែលមានបទពិសោធន៍ចូលរួមសាងសង់គម្រោងធំៗជាង ២០០គម្រោងនៅក្នុងតំបន់អាស៊ី រួមមាន កំពង់ផែ, អាកាសយានដ្ឋាន, និងកោះសិប្បនិម្មិតជាដើម។ ចំពោះសកម្មភាពក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងចូលរួមក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលគ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ 

បន្ថែមពីនេះ ក្រុមហ៊ុនបានសម្តែងនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមទៀតលើសក្ដានុពលនៃការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។  

នាឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានអញ្ជើញមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់អំពីឱកាសវិនិយោគបន្ថែមនៅកម្ពុជា។ 

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូនគណៈប្រតិភូអំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចមាន គម្រោងផ្លូវល្បឿនលឿន គម្រោងព្រែកជីកហ្វូណនតេជោ និងកំពង់ផែ ដែលអនុញ្ញាតជូនវិនិយោគិន ក៏ដូចជាក្រុមហ៊ុន Shanghai Geoharbour Group ផ្ទាល់ អាចពិនិត្យលទ្ធភាពជ្រើសរើសការបណ្ដាក់ទុនវិនិយោគផងដែរ៕

ដោយ​៖ តារា


ចែករំលែក៖