ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃការចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ «The 13th CHINA ZHENGZHOU INTERNATIONAL SHAOLIN WUSHU FESTIVAL» ទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិត

ចែករំលែក៖

ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ The 13th China Zhengzhou International Shaolin Wushu Festival” ដែលបានប្រព្រឹត្តទៅនៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋ ប្រជាមានិតចិន។

ក្នុងនាមជាភ្ញៀវកិត្តិយស លោករដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុន សៅលីញវូស៊ូអន្តរជាតិ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី ពីសំណាក់ថ្នាក់ដឹកនាំខេត្តហឺណាន ក្រុងចឹងចូវ ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ និងវប្បធម៌ ផ្នែក ឯកជន កីឡាករក្បាច់គុនចម្រុះនិងកីឡាករក្បាច់គុនសៅលីញវូស៊ូមកប្រកួត ដែលមកពីប្រទេសចិន ប្រទេសក្នុង តំបន់ និងពិភពលោក សរុប ៥៦ប្រទេស និងមានអ្នកចូលរួមសរុបចំនួន ២ ៥៦០នាក់ ព្រមទាំងមានការចូលរួម ពីកីឡាករនិងអ្នកចូលរួមសម្តែងប្រមាណជាង ៣០ ០០០នាក់។ ពិធីបើកបានប្រព្រឹត្តទៅយ៉ាងមហោឡារិក ដោយ រួមមានការដើរក្បួនក្រុមកីឡាករក្បាច់គុនចម្រុះមកពី៥៦ប្រទេស រួមទាំងប្រទេសកម្ពុជា ការសម្តែងទស្សនីយភាព ដ៏អស្ចារ្យ និងបង្ហាញនូវឈុតឆាកក្បាច់គុនផ្សេងៗគ្នានៃក្បាច់គុនសៅលីញវូស៊ូ។

នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាបើកក្នុងព្រឹត្តិការណ៍ កម្មវិធីក្បាច់គុនល្បុក្កតោ កម្ពុជា-ហឺណាន ក្រោមប្រធានបទ “Henan Meets Cambodia In Authentic Kongfu ដោយមានការនិមន្ត និងអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ព្រះតេជគុណ Shi Yongxin ព្រះចៅអធិការ វត្តសៅលីញ លោកថ្នាក់ដឹកនាំខេត្តហឺណាន និងឯកឧត្តមអភិបាលក្រុងចឹងចូវ។ ក្នុងសុន្ទរកថាបើក លោករដ្ឋមន្ត្រី បានបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ដែលឆ្លុះបញ្ចាំងពីការយកចិត្ត ទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា-ចិន ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងខ ហឺណាន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី “មិត្តដែកថែប និងសហគមន៍ វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្តែង” ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្តោតលើវិស័យអាទិភាពចំនួន ៦ ដែលក្នុងនោះមានការផ្លាស់ប្តូរប្រជាជននិង ប្រជាជន ដែលឆ្នាំ២០២៤ គឺជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន”។

លោករដ្ឋមន្ត្រី ក៏បានគូសរំលេចនូវការបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សាធារណៈ និងសណ្តាប់ធ្នាប់សង្គម ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំទ្រទ្រង់ការអភិវឌ្ឍ លើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។ លោករដ្ឋមន្ត្រី ក៏បានយកឱកាសនេះ ផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគនៅកម្ពុជា ព្រមទាំងបាន អំពាវនាវដល់ថ្នាក់ដឹកនាំ ភាគីពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយចិនទាំងអស់ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា កៀរគរភ្ញៀវទេសចរឱ្យបានកាន់តែច្រើនថែមទៀត និងរៀបចំ កញ្ចប់ទស្សនកិច្ចឱ្យបានច្រើនមកកម្ពុជា ដោយក្រសួងទេសចរណ៍ នឹងផ្តល់ការសម្របសម្រួលឱ្យអស់ពីលទ្ធភាព។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការសម្តែងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុណសៅលីញនេះ ត្រូវបានរៀបចំ យ៉ាងអធិកអធម និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដោយបាននាំយកក្បាច់គុនល្បុក្កតោកម្ពុជា មកសម្តែង ជាលើកដំបូងនៅបរិវេណមុខខ្លោងទ្វារព្រះវិហារវត្តសៅលីញដ៏ល្បីល្បាញ និងកម្មវិធីនេះទទួលបានការគាំទ្រ និង កោតសរសើរយ៉ាងខ្លាំងពីសាធារណជនជាតិ និងអន្តរជាតិ ហើយត្រូវបានផ្សព្វផ្សាយតាមបណ្តាញសារពត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមចិនយ៉ាងទូលំទូលាយ ដែលមានអ្នកចូលទស្សនាតាមបណ្តាញសារព័ត៌មាននានា ប្រមាណ ១០០លាននាក់។ គួររំលឹកផងដែរថា ព្រឹត្តិការណ៍នេះ ជាបដិការរវាងក្រសួងទេសចរណ៍ និងរដ្ឋបាល ខេត្តហឺណាន បន្ទាប់ពីថ្នាក់ដឹកនាំខេត្តហឺណាន បានដឹកនាំអ្នកសម្តែង និងកីឡាករសៅលីញ សម្តែងរួមគ្នា ជាមួយក្រុមកីឡាករល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ «When Shaolin Meets Bokator at Angkor កាលពី ខែមេសា ឆ្នាំ២០២៤ នៅលើទឹកដីសៀមរាប-អង្គរ នាពេលកន្លងមក។

ឆ្លៀតឱកាសនៃការចូលរួមព្រឹត្តិការណ៍នេះផងដែរ នារសៀលថ្ងៃទី១៨ ខែតុលា លោករដ្ឋមន្ត្រី បាន អនុញ្ញាតជូន លោកស្រី Zhang Min សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហឺណាន និងជាអភិបាលរងខេត្តហឺណាន និង លោក An Wei សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន និងជាលេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិនក្រុងចឹងចូវ ចូលជួបសម្តែង ការគួរសម ព្រមទាំងមានជំនួបពិភាក្សាអាហារការងារជាមួយឯកឧត្តម Huang Dongsheng ប្រធានលេខាធិការ បក្សមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហឺណានផងដែរ។

ជំនួបពិភាក្សាការងារខាងលើ ទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីកត់សម្គាល់។ ដោយខេត្តហឺណាន ស្ថិតនៅភាគកណ្តាលនៃប្រទេសចិន មានប្រជាជនប្រមាណ១០០លាននាក់ ដែលមានសក្តានុពលដ៏ធំធេងសម្រាប់ កម្ពុជាចាប់យកឱកាសក្នុងការជំរុញភ្ញៀវទេសចរមកពីខេត្តហឺណាន ដូច្នេះតបតាមការស្នើសុំរបស់ លោករដ្ឋមន្ត្រី រដ្ឋបាលខេត្តហឺណាន និងក្រុងចឹងចូវ នឹងខិតខំជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជាឱ្យបាន ទូលំទូលាយ ទាំងនៅខេត្តហឺណាន និងខេត្ត ក្រុងដទៃទៀតនៅប្រទេសចិន ដើម្បីកៀរគរទេសចរមកពីខេត្តហឺណាន និងខេត្តជុំវិញ មកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូង ឱ្យបាន ១លាននាក់ ក្នុង ១ឆ្នាំ។ បន្ថែមលើនេះ ភាគីចិន នឹងពិនិត្យលទនានាក្នុងការជំរុញវិនិងបង្កើតជើងហោះហើង្កើតភ្ជាប់ពីក្រុងសំខាន់ៗរបស់ខេត្តយើង ឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៤ លោករដ្ឋមន្ត្រីបានអនុញ្ញាតជូន សមាគមទេសចរណ៍ខេត្តហឺណាន ក្រុមហ៊ុនសក្តានុពលដែលប្រកបធុរកិច្ចក្នុងវិស័យទេសចរណ៍វប្បធម៌ កីឡា ស្ថានីយ៍ផ្សព្វផ្សាយព័ត៌មានខេត្តហឺណាន សមាគមវូស៊ូចិន និងវិនិយោគិនចិននៅទីក្រុងចឹងចូវ និង ខេត្តហឺណានសំខាន់ៗ ចំនួន២២ក្រុមហ៊ុន/សមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជួយ ផ្សព្វផ្សាយពីគោលដៅទេសចរណ៍ល្អៗរបស់កម្ពុជា ទៅដល់ប្រជាជនចិននៅតាមបណ្តាខេត្ត និងក្រុងនានា ព្រមទាំង ជំរុញការរៀបចំជាកញ្ចប់ទស្សនកិច្ចទេសចរណ៍ទៅកម្ពុជាឱ្យបានកាន់តែច្រើន។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញគណៈប្រតិភូខេត្តហឺណាន ក្រុងចឹងចូវ និងវិស័យឯកជនចិន ចូលរួមព្រឹត្តិការណ៍មួយចំនួននៅខេត្តសៀមរាបក្នុងក្របខ័ណ្ឌនៃ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា- ចិន ២០២៤” ដូចជាពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន, វេទិកាពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន, កម្មវិធីវប្បធម៌ ពុទ្ធសាសនាកម្ពុជា-ចិន និងពិធីបុណ្យផ្សេងៗទៀត ដូចជា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក, ពិធីបុណ្យសមុទ្រនៅខេត្តកំពត។

ដំណើរបេសកកម្មនៅខេត្តហឺណាន ប្រទេសចិន របស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាពេលនេះ បានប្រព្រឹត្តទៅដោយជោគជ័យ និងបាននាំមកនូវលទ្ធផលជាផ្លែផ្កាគួរជាទីកត់សម្គាល់សម្រាប់វិស័យ ទេសចរណ៍កម្ពុជា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងជាក់ស្តែងជាមួយភាគីចិន ពិសេសជាមួយ ខេត្តហឺណាន និងទីក្រុងចឹងចូវ ព្រមទាំងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅទីផ្សារអន្តរជាតិកាន់តែ ទូលំទូលាយ៕

ដោយ ៖ សិលា


ចែករំលែក៖