ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧត្ដមសេនីយ៍ឯក សាន ប៊ុនធឿន!

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោកឧត្ដមសេនីយ៍ឯក សាន ប៊ុនធឿន សមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គបញ្ជាការ ដែលបានទទួលមរណភាពនៅវេលាម៉ោង ១៣:១៣នាទីរសៀល ថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។ 

ក្នុងវេលាដ៏ក្រៀមក្រំនេះ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ បានសម្តែងនូវសមានទុក្ខដ៏ធំធេង និងការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់ លោកឧត្ដមសេនីយ៍ឯក សាន ប៊ុនធឿន ដែលជាការបាត់បង់នូវ ស្វាមី ឪពុក ឪពុកក្មេក និងជីតាប្រកបដោយព្រហ្មវិហារធម៌ ចំពោះគ្រួសារសាច់ញាតិ ហើយក៏ជាការបាត់បង់នូវនាយទាហានជាន់ខ្ពស់ដ៏ឆ្នើមរបស់កងយោធពលខេមរភូមិន្ទ ដែលមានសមត្ថភាព និងចំណេះដឹងខ្ពង់ខ្ពស់ប្រកបដោយគុណធម៌ សីលធម៌ គតិបណ្ឌិត ដែលបានលះបង់ស្ទើរតែពេញមួយជីវិតដើម្បីបម្រើជាតិមាតុភូមិ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្ដមសេនីយ៍ឯក សាន ប៊ុនធឿន ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖