ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងយុត្តិធម៌! ក្នុងរយៈពេល ១សប្ដាហ៍ សាលាដំបូង និងអយ្យការរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៨៧ករណី និងបានឃាត់ខ្លួនមនុស្ស ១៨៧នាក់

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌​ នៅល្ងាចថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៨៧ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ២៩៨ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១៨៧ នាក់។ 

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕

ដោយ​៖ តារា​


ចែករំលែក៖