ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជាអ្នករត់តាក់សុីបើករថយន្តបុករបាំងថ្មគល់ស្ពានអាកាស៥មករា បណ្ដាលឱ្យក្រឡាប់ និងនារីម្នាក់ដែលជាភ្ញៀវរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តព្រូស១គ្រឿងបើកលឿនរេចង្កូតទៅបុករបាំងថ្មគល់ស្ពានអាកាស៥មករា បណ្ដាលឲ្យក្រឡាប់រងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យនារីម្នាក់ដែលជាភ្ញៀវរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅខាងកើតគល់ស្ពានអាកាស៥មករា បណ្តោយមហាវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។ 

    តាមប្រភពព័ត៌មានពីពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តតូយ៉ូតាព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BU-2703 បើកបរដោយបុរសម្នាក់ជាអ្នករត់តាក់ស៉ី និងរួមដំណើរដោយនារីម្នាក់ជាភ្ញៀវ បានធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលេីក៏បានរេចង្កូតទៅបុករបាំងថ្មគល់ស្ពានអាកាស៥មករាពេញទំហឹង ក្រឡាប់តែម្តង និងបណ្ដាលឲ្យនារីម្នាក់ជាភ្ញៀវនៅក្នុងរថយន្ដរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះអាយុជីវិត រីឯបុរសម្នាក់ជាតៃកុង និងជាអ្នករត់តាក់ស៉ីខាងលើបានរងរបួសស្រាល ។

      ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖