ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះជាមួយសង្សារតាមទូរស័ព្ទ ស្រាប់តែយកកូនកាំបិតភ្ជង់ក អ្នកបើកតាក់ស៊ី

ចែករំលែក៖

ភ្នំពេញ៖ នារីជនជាតិចិនម្នាក់ ខណៈកំពុងជិះតាក់ស៉ីហេីយបាននិយាយទូរស័ព្ទជាមួយសង្សារ​ ឈ្លោះប្រកែកគ្នាស្រាប់តែទាញកាំបិតមកភ្ជង់កអ្នកបេីកបរគំរាមឱ្យបេីកលឿន​ តែត្រូវបានអ្នកបេីកបរប្រតាយប្រតប់គ្នាបង្កការភ្ញាក់ផ្អេីលកាលពីវេលា ម៉ោង៤ទៀបភ្លឺ ព្រឹកថ្ងៃទី២៣ ខែតុលា​ឆ្នាំ២០២៤ ស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

យោងតាមសម្តីបុរសអ្នកបើកបរ បានឱ្យដឹងថា មុនពេលកើតហេតុ មាននារីម្នាក់ជាមិត្តនារីជនជាតិចិននោះ បាន booking ចំរថយន្តរបស់គាត់ ចេញពីគោលដៅ បុរី ចំការមន ទៅកាន់ទឹកថ្លា លុះកំពុងជិះតាមផ្លូវ នារីជនជាតិចិនខាងលើ និយាយទូរស័ព្ទឈ្លោះគ្នាជាមួយបុរសជាសង្សារ ក្រោយមកបិទទូរស័ព្ទ បានទាញយកកូនកាំបិតបត់ ពីក្នុងកាបូប ភ្ជង់ក របស់គាត់ជាប់។

 ប្រភពបន្តថា គាត់ស្តាប់ភាសាចិនបានខ្លះៗ ថា៖ ឱ្យគាត់បើកទៅអោយលឿន លុះមកដល់ចំណុចស្តុបBKC រូបគាត់បានឈប់រថយន្ត តែនារីចិននោះបានកាន់កាំបិត ភ្ជង់ក គាត់ជាប់រហូត ដោយខ្លាចនារីចិននោះចាក់ក គាត់បាន កាច់កៅអីទៅក្រោយផ្តេកខ្លួន ប្រតាយប្រតប់ ជាមួយនារីចិនខាងលើ បណ្តាលឱ្យជ្រុះកាំបិតតែម្តង ទើបគាត់បើកទ្វាររថយន្ត រត់ចេញក្រៅដើម្បីស្រែកឱ្យគេជួយ​។

បន្ទាប់មក នារីជនជាតិចិនម្នាក់នោះបានរត់ដេញតាមគាត់ រហូតដល់កន្លែងសន្តិសុខយាមធនាគារ រួចនាងបានទៅលើកកៅអី របស់សន្តិសុខ រត់ដេញតាមវាយបុរសបើកតាក់ស៊ីនោះ តែត្រូវបានក្រុមសន្តិសុខនៅទីនោះឃាត់ និងសែងនាងចេញ ដោយសារតែនារីចិននោះ ធ្វើអីមិនបាន នាងក៏បានដើរគេចខ្លួនចេញពីទីតាំងកើតហេតុបាត់ទៅ ។

ក្រោយកើតហេតុ បុរសអ្នករត់តាក់ស៊ី ក៏បានបើករថយន្តត្រឡប់ទៅរកមិត្តរបស់នារីចិនខាងលើ ដើម្បីទារលុយថ្លៃសេវាកម្មវិញ ព្រោះនារីចិននោះជិះមិនបានឱ្យលុយនោះទេ ចំណែកអ្នក BOOKING គឺជាមិត្តរបស់នាងទៅវិញទេ ៕

ដោយ ៖ សុខាសែនជ័យ


ចែករំលែក៖