ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកនេះ ! សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ ដាក់ ឱ្យ ប្រើប្រាស់ ជាផ្លូវការទំនប់អូរទេធិបតី សមិទ្ធផលថ្មីលើទឹកដីខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ទំនប់អូរទេធិបតី សមិទ្ធផលថ្មីលើទឹកដីខេត្តមណ្ឌលគិរី នឹងត្រូវ សម្ពោធ ដាក់ ឱ្យ ប្រើប្រាស់ ជាផ្លូវការ នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤ ស្អែក ព្រឹក ក្រោម អធិបតី ដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជ រដ្ឋាភិបាល ។  

ទំនប់អូរទេធិបតី មានសមត្ថភាព អាចស្តុកទឹកបានជាង ១០លាន ម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់នៅ ស្រុក អូររាំង និង ក្រុងសែមនោរម្យ ខេត្តមណ្ឌលគិរី។ ទំនប់អូរទេ ធិបតី មានទំទប់ស្ទាក់ទឹកប្រវែង ៣០៦ម៉ែត្រ និងកំពស់ ២០ម៉ែត្រ ព្រមទាំងមានសំណង់បង្ហៀរទឹកប្រវែង ១០០ម៉ែត្រ និងកំពស់ ១៥ម៉ែត្រ។

កន្លងទៅរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងគណៈប្រតិភូ រួមជាមួយអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ទំនប់អាងទឹកមួយចំនួនដូចជា ៖

ទី១)ទំនប់អូរតេស្ថិតក្នុងស្រុកអូរាំង ដែលមានទំនប់ស្ទាក់ទឹកបេតុងប្រវែង ៣០៦ម៉ែត្រនិងមានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប 

ទី២)ទំនប់លើស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានទំនប់អាងប្រវែង ៧៩៩ម៉ែត្រ និងមានសមត្ថភាពស្តុកទឹកបានប្រមាណ ២១ម៉ឺនម៉ែត្រគូប ។

និងទី៣) ទំនប់ក្រោមស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានទំនប់អាងប្រវែង ១៤៨០ម៉ែត្រ និងមានសមត្ថភាពស្តុកទឹកបានប្រមាណ ២២ម៉ឺនម៉ែត្រគូប។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យក្នុងខេត្តមណ្ឌលគិរីជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់បម្រើលើគ្រប់វិស័យតាមសេចក្តីត្រូវការរបស់ខេត្ត ក្នុងការផលិតទឹកស្អាត។ ទន្ទឹមនឹងនេះ បណ្តាទំនប់អាងទឹកក្នុងតំបន់ក៏នឹងទាក់ទាញកំណើនភ្ញៀវទេសចរ ព្រមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងជួយកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖