ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អបអរសាទរប្រទេសឡាវក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ា និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគី

ចែករំលែក៖

ប្រទេសឡាវ ៖ មុនធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហារដ្ឋសភាធិការធិបតី បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត សាយសំភូន ភូមិវិហាន ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ ដើម្បីសម្តែងនូវអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់រដ្ឋសភាឡាវចំពោះគណៈប្រតិភូសភាកម្ពុជា។ 

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋសភា និងរដ្ឋាភិបាល ក៏ដូចជាប្រជាជនឡាវ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុតចំពោះ គណៈប្រតិភូសភាកម្ពុជាចាប់តាំងពីពេលបានមកដល់រដ្ឋធានីវៀងច័ន្ទន៍ រហូតដល់ពេលនិវត្តន៍ទៅកាន់មាតុប្រទេសវិញ។

សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះរដ្ឋាភិបាល និងរដ្ឋសភាឡាវ ដែលបានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំទល់មុខគ្នារវាងអាយប៉ា និងប្រមុខរដ្ឋអាស៊ាន (AIPA-ASEAN Interface) និងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ប្រកបដោយភាពរលូនទទួលបានជោគជ័យត្រចះត្រចង់ លទ្ធផលផ្លែផ្កាតាមការរំពឹងទុក ក្រោមស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងស្មារតីគ្រួសារអាស៊ាន។

លោកបណ្ឌិត សាយសំភូន ភូមិវិហាន បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចមហារដ្ឋសភាធិការធិបតី ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមមហាសន្និបាតអាយប៉ា ព្រមទំាងបានចូលរួមយ៉ាងសកម្ម ក្នុងស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណី ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង បានធ្វើឱ្យមហាសន្និបាតអាយប៉ាលើកទី៤៥ដំណើរការប្រកបដោយអត្ថន័យ សម្រេចបានលទ្ធផលគួរជាទីមោទនៈ។   

តាមរយៈសម្តេចប្រធានរដ្ឋសភា លោកបណ្ឌិត សាយសំភូន ភូមិវិហាន បានគោរពអញ្ជើញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បំពេញទស្សនកិច្ចនៅប្រទេសឡាវតាមពេលសមស្របណាមួយ។  ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានឯកភាពរួមគ្នាបន្តពូនជ្រំលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរសម្រេចបានលទ្ធផលបន្តបន្ទាប់ទៀតជូនប្រជាជនទំាងសងខាង ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងសន្តិសុខ ជាដើម ជាពិសេសបានឯកភាពគ្នាពីសារសំខាននៃការតភ្ជាប់ផ្លូវដែក រវាងប្រទេសទាំងពីរ ផងដែរ។

ក្នុងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ បានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការផ្លាស់ប្តូរ ចែករំលែកព័ត៌មាន កសាងសមត្ថភាព តាមយន្តការសភាប្រទេសទាំងពីរដែលមានស្រាប់ក្នុងក្របខណ្ឌក្រុមមិត្តភាព សមាជិកសភាជាស្រ្តី សមាជិកសភាវ័យកេ្មង និងការគាំទ្រទៅវិញទៅមកក្នុងវេទិកាសភាថ្នាក់តំបន់ និងអន្តរជាតិ។ 

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី និង លោកបណ្ឌិត សាយសំភូន ភូមិវិហាន បានគូសបញ្ជាក់ថា ការងារការទូតសភានាពេលបច្ចុប្បន្នកាន់តែមានសារសំខាន់ខ្លាំងឡើង ក្នុងការដោះស្រាយបញ្ហារួម ក៏ដូចជាការរួមចំណែកដល់ការលើកកម្ពស់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ដែលមិនគ្រាន់តែសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋជាអន្តរជាតិតែម្តង។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានអញ្ជើញលោកប្រធានរដ្ឋសភាឡាវ បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា និងចូលរួមកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP-11) នាពេលខាងមុខផងដែរ។ 

ជាមួយគ្នានេះ សម្តេចបានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥កន្លែងជូនដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ បានសិក្សានៅក្នុងសាកលវិទ្យាល័យប៊ែលធី បន្តទៀត៕

ដោយ ៖ សិលា


ចែករំលែក៖