ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានបុរស២នាក់បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្តLEXUS RX 400 ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាល ព្រលប់នៅស្រុកកំពង់រោទ៍។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៥៥នាទីព្រលប់ថ្ងៃទី២២ខែតុលា ឆ្នាំ២០២៤ លើផ្លូវ៣១៤-D ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥-៦ ចំណុចភូមិត្រពាំងរុន ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះ ឆោម សា អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ឆោម សុភាពអាយុ ២១ ឆ្នាំ មុខរបរកម្មករសំណង់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០២ គ្មានស្លាកលេខ បានខូចខាតទាំងស្រុង។
ចំណែកអ្នកបើករថយន្តមិនទាន់បានស្គាល់ឈ្មោះនៅឡើយ ខណៈក្រោយកើតហេតុឃើញសភាពការណ៍មិនស្រួលបានបើកទ្វាររថយន្តម៉ាកឡិចសុីស អរអ៊ិច ៤០០អេច (LEXUS RX 400h) ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ២C-៦២៦៣ រត់គេចខ្លួនបន្សល់តែរថយន្តនៅនឹងកន្លែង។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០២ គ្មានស្លាកលេខ ធ្វើដំណើរលើផ្លូវ៣១៤-D នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥-៦ ដោយមិនប្រកាន់ស្តាំ ក៏បុកជាមួយរថយន្តម៉ាកឡិចសុីស អរអ៊ិច ៤០០អេច (LEXUS RX 400h) ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ២C-៦២៦៣ ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុបុរសរងគ្រោះទាំង២នាក់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យចំពោះរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះពន្លាធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ដើម្បីដោះស្រាយតាមច្បាប់៕
ដោយ៖ សុថាន