ខេត្តកំពត៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃពុធទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តាមរយៈទស្សនវិស័យ និងការដឹកនាំរបស់លោករដ្ឋមន្ដ្រី ឌិត ទីណា ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់នេះ បានកើនឡើងដល់ ៧០ក្បាល ផ្សោតក្បាលត្រឡោកពុំទាន់អាចកំណត់ចំនួនបាន និងសត្វជ្រូកទឹកស្នាក់នៅអចិន្ត្រៃយ៍ចំនួន ១ក្បាល។
តាមរយៈការផ្សព្វផ្សាយបានទូលំទូលាយពីសំណាក់ក្រសួង ស្ថាប័នសារព័ត៌មាន និងក្រុម Influencers ចំនួនភ្ញៀវទៅកម្សាន្ត ជិះទូកមើលផ្សោតពណ៌ផ្កាឈូក មានកំណើនគួរឲ្យកត់សម្គាល់។ លោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត បានគូសបញ្ជាក់ថា ភ្ញៀវទេសចរមួយចំនួនដែលមានបំណងទៅទស្សនាសត្វផ្សោតពណ៌ផ្កាឈូក និងសត្វផ្សោតក្បាលត្រឡោក ត្រូវកក់ទូកមុនយ៉ាងហោចណាស់ ២ថ្ងៃ ដោយសារទូករបស់សហគមន៍នៅមានកម្រិត ខណៈភ្ញៀវទេសចរដែលចង់ទស្សនាសត្វផ្សោតមានចំនួនច្រើន។
លោកប្រធានសហគមន៍បានថ្លែងអំណរគុណដល់លោករដ្ឋមន្ដ្រី ក្រសួង អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដែលបានជួយការពារបង្ក្រាបបទល្មើសនេសាទ ព្រមទាំងអភិរក្សធនធានធម្មជាតិ រាប់ចាប់តាំងពីព្រៃកោងកាង ដែលក្លាយជាជម្រកនៃវារីសត្វដែលជាចំណីរបស់សត្វផ្សោត ការការពារនិងពង្រីកស្មៅសមុទ្រជាចំណីរបស់សត្វជ្រូកទឹក។
សមិទ្ធផលនេះ បានជួយដល់ប្រជាសហគមន៍ ទាំងផ្នែកសេដ្ឋកិច្ច និងជាពិសេសនិរន្ដរភាពនៃធនធានធម្មជាតិ ស្របទៅតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា «មានហូប មានបាន មានប្រើ និងមានរហូត»៕
ដោយ៖ តារា