ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌដូនពេញ ស្នើទៅអាជ្ញាធរជួយប្រាប់ទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កុំជីកខូចផ្លូវលេខ១៩២ ហើយទុកចោល ព្រោះមានផ្លូវផ្សេងៗច្រើនទៀត ជីកហើយទុកចោល ពិបាកប្រជាពលរដ្ឋធ្វើដំណើរម្ដងៗ តែងគ្រោះថ្នាក់រាល់ថ្ងៃ ។ ប្រជាពលរដ្ឋស្នើសុំបែបនេះនៅ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីអាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌដូនពេញ នាព្រឹកថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ដោយមានការចូលរួមពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានី តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមទូច ស៊ុនណារី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌទួលគោកផងដែរ ។
នៅក្នុងវេទិកា នាព្រឹកនេះមានពលរដ្ឋមូុយចំនួន បានលើកឡើង ជាសំណើរ ស្នើសុំស្តារអាងស្តុបទឹក ដែលមានដុះព្រៃនិងស្មៅដុះ ស៊ុបទ្រុប នៅក្នុងផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ដែលបង្កការលិចលំនៅដ្ឋាននិងបណ្តាលឱ្យមានសត្វ ធាតុចូលក្នុងផ្ទះពួកគាត់។ ប្រជាជាននៅសង្កាត់ទឹក៣ ស្នើសុំដូរអំពូលភ្លើងចំនួន៧៨អំពូលនិងស្នើកុំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកុំជីកខូចផ្លូវលេខ១៩២ ហើយទុកចោល និងការស្នើសុំការសាងសង់អគារសង្កាត់ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមនៅសង្កាត់ទឹកល្អក់ទី៣ ដែលអាចអាចបង្កគ្រោះថ្នាក់ចំពោះ អ្នកមកបំពេញការងារនៅក្នុងអគារនេះ។
ឯកឧត្ដម សុខ ពេញវុធ បានលើកឡើងថា៖ រាល់ សំណើនិងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ យើងដោះស្រាយជូនភ្លាមៗចំពោះអ្វីដែលយើងដោះស្រាយបាន ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងយកមកដោះស្រាយពេលក្រោយ ពោលគឺ អ្វីជាអត្តភាពចាំបាច់ បន្ទាន់ៗយើងនឹងដោះស្រាយមុនគេ ហើយអ្វីដែលនៅសេសសល់យើងនឹងដាក់ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។
ចំពោះសំណើរខាងលើត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការស្រាយបំភ្លឺនិងដោះស្រាយភ្លាមៗ។តែចំពោះការស្នើសាងសង់អគារសង្កាត់ទឹកល្អក់ទី៣ ដែលមានលក្ខណចាស់ទ្រុឌទ្រោមនោះ ឯកឧត្ដម សុខ ពេញវុធ បានបញ្ជាក់ថា យើងមិនមានកញ្ចប់ថវិកាណាមួយនៃការសាងសង់ អគាររដ្ឋបាលទេ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីឯកឧត្ដមនឹងយកសំណើរទាំងនេះទៅរាយការណ៍ជូនឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។
ឯកឧត្ដម ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ហើយសំរាប់ខណ្ឌនីមួយៗត្រូវធ្វើឡើងនៅមិថុនារាល់ឆ្នាំ ហើយឆ្នាំនេះខណ្ឌបានធ្វើរួចរាល់ហើយ ។
ឯកឧត្ដម បានបញ្ជាក់ទៀតថា គោលបំណងរបស់វេទិកានេះ គឺចង់ស្តាប់ពីការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីយើងបានដឹង ហើយដោះស្រាយជូន។ អភិបាលកិច្ចល្អ ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ។ ក្រោយពីក្តាប់បាន បញ្ហាប្រឈម តម្រូវការពីប្រជាពលរដ្ឋហើយ យើងយកបញ្ហាទាំងនោះមកដោះស្រាយ។នៅក្នុងវេទិកានេះដែរ ឯកឧត្ដមម៉ប់ សារិន បានបញ្ជាក់ទៀតថាយើងក៏មានការផ្តល់ជារបាយការណ៍ដែលបានអនុវត្តកន្លងមក ជូនអ្នកចូលរួមផងដែរ ដើម្បីបានដឹងពីព័ត៌មាន ពីទិសដៅនៃការអភិវឌ្ឍរាជធានី។ អ្វីជាកង្វល់ការចង់បានរបស់ប្រជាពលរដ្ឋតាមរយៈការស្នើឡើង យើងដាច់ខាតត្រូវតែដោះស្រាយជូន អ្វីដោះស្រាយបានភ្លាមយើងដោះស្រាយភ្លាម បើដោះស្រាយមិនទាន់បាន យើងនឹងយកបញ្ហាទាំងនោះ ទៅដាក់បញ្ជូលក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល៕
ដោយ ៖ សំរិត