ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានបង្ហាញពីការដាក់ឈ្មោះផ្លូវ ឬការដាក់លេខផ្លូវ ត្រូវកំណត់យ៉ាងដូចម្តេច?
ក្រសួងសាធារណការ បានគូសបញ្ជាក់ថា យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៨ បានចែងថា៖ ផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវរាជធានី ផ្លូវក្រុង ផ្លូវទីប្រជុំជននានាក្នុងខេត្ត និងផ្លូវជនបទត្រូវមានឈ្មោះផ្លូវ និងឬលេខផ្លូវ និង ត្រូវកំណត់ចម្ងាយជាក់លាក់ ។
ការដាក់ឈ្មោះផ្លូវ ឬការដាក់លេខផ្លូវត្រូវកំណត់ដូចខាងក្រោម ៖
១- ឈ្មោះផ្លូវអាចដាក់ជាឈ្មោះវីរបុរស ឥស្សរជន សប្បុរសជន ឈ្មោះពីប្រវត្តិសាស្ត្រ ឈ្មោះតាមភូមិសាស្ត្រធម្មជាតិ ឈ្មោះតាមវប្បធម៌ ឈ្មោះពីបរមបុរាណ ឈ្មោះតាមទម្លាប់ ។
២- លេខផ្លូវត្រូវដាក់តាមវិធីសាស្ត្រមួយ ដែលអាចកំណត់ច្បាស់លាស់នូវទីតាំងផ្លូវ ប្រភេទ ផ្លូវ និងអាទិភាពផ្លូវ ។
៣-ឈ្មោះផ្លូវឬលេខផ្លូវ ដែលតភ្ជាប់ទៅនឹងផ្លូវអន្តរជាតិ ត្រូវដាក់តាមការសម្រេចពីរាជរដ្ឋាភិបាល ។ ផ្លូវដែលតភ្ជាប់ទៅនឹងផ្លូវអន្តរជាតិ ត្រូវដាក់ទាំងឈ្មោះ ទាំងលេខផ្លូវ ក្នុងប្រទេស និងទាំងឈ្មោះទាំងលេខផ្លូវអន្តរជាតិ ។
បែបបទនិងនីតិវិធីនៃការដាក់ឈ្មោះផ្លូវ ឬលេខផ្លូវ និងការកែប្រែឈ្មោះផ្លូវ ឬលេខផ្លូវត្រូវកំណត់ ដោយអនុក្រឹត្យ ៕
ដោយ៖ តារា