ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តា ជ្រាបថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការដ៏មានសារសំខាន់ សម្រាប់បញ្ជាក់អត្តសញ្ញាណ ជាពលរដ្ឋខ្មែរ និងត្រូវផ្តល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីទទួលបាន នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល។
យោងតាមប្រកាសលេខ៦៣៧៥ ប្រ.ក របស់ក្រសួងមហាផ្ទៃស្តីពីនីតិវិធី លក្ខខណ្ឌ នៃការសុំផ្តល់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រង់ប្រការ៧ បានកំណត់ថា “ប្រជាពលរដ្ឋដែលទទួលបាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចហើយ ត្រូវថែរក្សាឱ្យបានល្អ បង្ការការបាត់ ឬខូច ដើម្បីទុកប្រើប្រាស់ជា ប្រយោជន៍ផ្សេងៗតាមការកំណត់នៃច្បាប់”។ ទោះជាយ៉ាងនេះក្តី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសង្កេត ឃើញថា មានប្រជាពលរដ្ឋមួយចំនួនតូចមិនបានយល់ពីសារសំខាន់ នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះទេ និងបានប្រើប្រាស់ខុសពីគោលបំណងនៃការផ្តល់ជូន ដោយមិនបានប្រុងប្រយ័ត្ន និងមិនបានថែរក្សាឱ្យបាន ត្រឹមត្រូវគត់មត់។ ជាក់ស្តែងនាពេលថ្មីៗនេះ មានករណីផ្សព្វផ្សាយវីដេអូពីពលរដ្ឋម្នាក់ដែលបានយកសន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ជាឧបករណ៍ដេញហ្គីតាលេងកម្សាន្ត បណ្តាលឱ្យបាក់ របក ខូច ដែលជាទង្វើមិនគប្បី និងជាគំរូមិនល្អ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបជូនថា ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ បានធ្វើឱ្យខូចខាតអសារបង់ដែលជាការខ្ជះខ្ជាយការចំណាយថវិការដ្ឋ។ សូមបញ្ជាក់ថា ក្នុងគោលបំណងគាំពារប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានទទួលបន្ទុកចំណាយទាំងស្រុងទៅលើ ការផលិត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ។
ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុង ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាឱ្យបានគត់មត់ ដើម្បីជួយសន្សំ សំចៃថវិការដ្ឋ និងលើកតម្លៃអត្តសញ្ញាណរបស់ជាតិយើង៕
ដោយ ៖ សិលា