ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចុះជីកត្បូងត្រូវដីបាក់សង្កត់លើរងរបួសធ្ងន់កំពុងសម្រាកព្យាបាល

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់ចុះក្នុងរណ្តៅជីកត្បូងហើយក៏ត្រូវដីបាក់សង្កត់លើបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកបរកែវ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២ៈ០០ថ្ងៃត្រង់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចអូរយ៉ាវក្នុងភូមិកាចក់ ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។

បុរសដែលរងគ្រោះដោយសារបាក់ដីសង្កត់រងរបួសនោះឈ្មោះ សល់ ស្វាន់ អាយុ ៥០ ឆ្នាំ ជនជាតិចារាយ មានទីលំនៅបច្ចុប្បន្ន ភូមិ ឃុំខាងលើ។

ជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ ខ្លួននិងភរិយារួមទាំងកូនស្រីម្នាក់ផងនោះ បាននាំគ្នាទៅជីករុករករ៉ែត្បូងធម្មជាតិនៅចំណុចអូរយ៉ាវ រហូតដល់ម៉ោង ១២ ថ្ងៃត្រង់ ក៏ជួបហេតុការណ៍បាក់ដីទាំងផ្ទាំងតែម្តងបណ្តាលឱ្យសង្កត់មកលើរូបខ្លួន ប៉ុន្តែក៏ជាសំណាងល្អដែរដែលខ្លួនបានដឹងស្នូរសម្រឹបដីបាក់មុន ក៏ស្ទុះលោតចេញ ប៉ុន្តែជាអកុសលដីបានបាក់សង្កត់ជាប់ត្រឹមករួចក៏បានសន្លប់លែងដឹងខ្លួនតែម្តង។

លោកបន្តថា: ជាសំណាងណាស់ដែលមានបងប្អូនចៀរជ័រកៅស៊ូនៅជិតក្បែរនោះបានមកអើតមើលឃើញក៏នាំគ្នាជួយសង្គ្រោះនិងដឹកតាមម៉ូតូយកមកផ្ទះវិញ។

ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកទើបក្រុមគ្រួសារក៏បានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកស្រុកបកែវភ្លាមៗដែរ។

លោក សល់ ស្វាន់ ជនរងគ្រោះមានភរិយា ព្រមទាំងមានកូនប្រុសស្រីចំនួន ៧ នាក់ ក្នុងនោះកូនស្រីចំនួន ៥នាក់  ។

ដោយសារតែមានជីវភាពទីទាល់ក្រទើបរូបលោកនិងភរិយាព្រមទាំងកូនត្រូវបង្ខំចិត្តទៅជីករុករករ៉ែត្បូងធម្មជាតិ ទោះបីជាផ្សងនឹងគ្រោះថ្នាក់យ៉ាងណាក្តី ក៏នៅតែយកជីវិតទៅប្រថុយប្រថានដែរ ។

លោកថា៖ ជារៀងរាល់ពេលដែលលោក ជីកលុងកកាយដីនោះរហូតទៅដល់ជម្រៅ ៥ ទៅ ៦ ម៉ែត្រឯណោះ ហើយពេលរកបានត្បូងតែងតែយកទៅលក់ឱ្យកុងសែពីរនាក់ ម្នាក់ឈ្មោះចយ ម្នាក់ទៀតឈ្មោះ ដាំ ប៉ុន្តែដល់ពេលដែលលោកជួបគ្រោះថ្នាក់ស្ទើរបាត់បង់ជីវិតបែបនេះទៅហើយក្តីក៏មិនឃើញកុងសែទាំងនោះមកអើតមើលឬសួសុខទុក្ខអីបន្តិចសោះឡើយ។

បច្ចុប្បន្នអាការៈរបស់លោកនៅតែមានការឈឺចុកចាប់នៅត្រង់ចំណុចដើមទ្រូង និងកណ្ដៀតក្អមយ៉ាងធ្ងន់ធ្ងរមិនបាត់ទាល់តែសោះ ។

គួររំលឹកផងដែរថា ក្នុងឆ្នាំកន្លងទៅក៏មានករណីបាក់ដីសង្កត់មនុស្សបណ្តាលឱ្យស្លាប់បាត់បង់ជីវិតក៏មិនតិចនាក់ដែរដោយសារតែក្រុមដង្ខៅកុងសែត្បូងឃោសនាកៀរគរប្រជាពលរដ្ឋ បងប្អូនជនជាតិដើមភាគតិចទីទាល់ក្រ ដោយផ្តល់កម្រៃឲ្យទៅពួកគាត់ក្នុងម្នាក់ចំនួន ២ ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ សម្រាប់មនុស្សម្នាក់ ដើម្បីឱ្យទៅជីកលុងកកាយដីចូលក្នុងរណ្ដៅដែលមានជម្រៅមិនក្រោម ១០ ម៉ែត្រនោះ ហើយក៏យ៉ាងអនាធិបតេយ្យដែរ ដោយគ្មានច្បាប់ទម្លាប់អ្វីឡើយ។

លោកក៏បានសំណូមពរទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងសប្បុរសជនទូទៅមេត្តាជួយឧបត្ថម្ភជាថវិកាបន្តិចបន្តួចដល់រូបគាត់ផងដើម្បីបន្តព្យាបាលនិងថតពិនិត្យមើលអាការៈជំងឺក្នុងខ្លួនឲ្យដឹងពិតប្រាកដផង។

ដោយឡែកសមត្ថកិច្ច អាជ្ញាធរនិងជំនាញពាក់ព័ន្ធ ការគ្រប់គ្រងធនធានធម្មជាតិជាតិរ៉ែ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងករណីហេតុការណ៍ទាំងអស់ខាងលើលោកពុំបានដឹងនោះទេ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖