ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ខែកញ្ញា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋជាង ៨ម៉ឺនសេវា

ចែករំលែក៖

ភ្នំពេញ ៖ សម្រាប់រយៈពេលពេញ មួយខែកញ្ញា កន្លងទៅនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋ សរុបជាង ៨ម៉ឺនសេវា ក្នុងនោះ ពីចំណែកនៃវិស័យទាំង១៤ សេវាផ្តល់ច្រើនជាងគេគឺ វិស័យរៀបចំដែនដីនគររូបនីយកម្ម និងសំណង់មានជាង៣ម៉ឺនសេវា តាមពីក្រោយដោយវិស័យរដ្ឋបាលមានជាង១ម៉ឺនសេវា ខណៈសេវាតិចជាងគេ គឺវិស័យពាណិជ្ជកម្មមានចំនួន ១សេវា។ 

បើតាមលោកបណ្ឌិត ទូច សុឃៈ សេវាដែលបានផ្ដល់ជូននៅអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់ចំណូលជូនរដ្ឋសរុបជាង ១០ពាន់លានរៀល ស្មើនឹង ២ពាន់ ៥០០លានដុល្លារ ក្នុងនោះ វិស័យទទួលបានចំណូលច្រើនជាងគេគឺ វិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ចំនួនជាង ៧ពាន់ ៧០០លានរៀល វិស័យសាធារណការនិងដឹកជញ្ជូនជាង ៧០០លាន រៀល និងវិស័យដែលទទួលចំណូលតិចជាងគេគឺ វិស័យពាណិជ្ជកម្ម២សែនរៀល។ 

ចំណែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ លោកបណ្ឌិតអ្នកនាំពាក្យរង បានឱ្យដឹងទៀតថា ក្នុងខែកញ្ញាដូចគ្នា មន្រ្តីបានផ្តល់សេវាជាង៣សែនសេវា។ ក្នុងចំណោមវិស័យទាំង១៧ អ្នកនាំពាក្យរង បានបន្ថែមថា ការងារអត្រានុកូលដ្ឋានផ្តល់បាន២សែនសេវា ការងារអត្រានុកូលកម្មផ្តល់បាន១សែនសេវា ខណៈវិស័យផ្តល់តិចជាងគេ គឺវិស័យកសិកម្មមានចំនួន ២៥សេវា។ សេវាសរុប បានផ្ដល់ចំណូលជូនរដ្ឋជាង ៨០០លានរៀល គិតជាដុល្លារប្រមាណ២សែនដុល្លារ ខណៈចំណូលខ្ពស់ជាងគេគឺ វិស័យសុរិយោដី និងវិស័យសំណង់ គ្រាដែលវិស័យកសិកម្មមានអ្នកស្នើតិចជាងគេ។ 

យន្តការច្រកចេញចូលតែមួយ បានក្លាយជាមធ្យោបាយផ្ដល់សេវាដ៏មានប្រជាប្រិយភាពមួយនៅកម្ពុជា ដ្បិតសម្រាប់ពលរដ្ឋ យន្តការនេះបានបញ្ចប់ភាពស្មុគស្មាញនៃនីតិវិធី បញ្ចប់អំពើពុករលួយ កាត់បន្ថយពេលវេលា និងទទួលបាននូវសេវាប្រកបដោយគុណភាព។ បច្ចុប្បន្ន សេវាច្រកចេញចូលតែមួយ ពុំមែនមានតែនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនោះទេ។ មាននៅឃុំ សង្កាត់ ជាបន្តបន្ទាប់ ក៏បាននិងកំពុងដំណើរការច្រកចេញចូលតែមួយនេះផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖