អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ២៤ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ”BRICS បូក” ដោយលើកឡើងនូវគំនិតផ្តួចផ្តើមបីចំណុច ពោលគឺ ប្រកាន់ខ្ជាប់សន្តិភាពនិងសម្រេចបាននូវសន្តិសុខរួម ស្តារការអភិវឌ្ឍឡើងវិញនិងសម្រេចបាននូវវិបុលភាពជាទូទៅ រួមគ្នាស្តារអរិយធម៌ឡើងវិញនិងសម្រេចបាននូវភាពពិពិធកម្មនិងភាពសុខដុមរមនា ហើយបានធ្វើបទបង្ហាញពីការអនុវត្តនិងវិវឌ្ឍរីកចម្រើននៃគំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ព្រមទាំងបានប្រកាសពីវិធានការមួយចំនួនដែលប្រទេសចិននឹងចាត់ក្នុងការជំរុញការអភិវឌ្ឍនៃប្រទេស”សកលខាងត្បូង”ដែលបណ្តាលឱ្យសហគមន៍អន្តរជាតិមានការពិភាក្សាយ៉ាងក្ដៅគគុក ។
គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ជានិច្ចកាល ប្រទេសចិនតែងតែជាសមាជិកដ៏មុតមាំនៃប្រទេស”សកលខាងត្បូង”ដែលបានជំរុញដល់ការអភិវឌ្ឍរួមនៃប្រទេស”សកលខាងត្បូង”និងផ្តល់នូវគំនិតថ្មីនិងកម្លាំងថ្មី ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួមរបស់មនុស្សជាតិ ។ នាពេលបច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមសន្តិសុខសកលទទួលបានសមិទ្ធផលយ៉ាងសំខាន់ក្នុងវិស័យជាច្រើនដូចជា ការគាំពារស្ថិរភាពក្នុងតំបន់ជាដើម បន្ទាប់ពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលត្រូវបានលើកឡើងអស់រយៈពេល ៣ ឆ្នាំមក យើងបានចាប់ដំណើរការនូវគម្រោងជាង១១០០ ក្នុងទំហំជិត ២០ ប៊ីលានដុល្លារអាមេរិក មានប្រទេសចំនួនជាង៨០បាន ចូលរួមក្នុងអនុកម្មការសមមិត្តនៃសេចក្ដីផ្ដួចផ្ដើមអភិវឌ្ឍន៍សកល។
គេហទំព័រ «CCFR China state-controlled media » ថា ៖ នៅក្នុងកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ”BRICS បូក”លើកនេះ គំនិតផ្តួចផ្តើមបីចំណុចដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping បានស៊ីសង្វាក់គ្នានឹងគំនិតផ្តួចផ្តើមសកលធំចំនួនបីដោយឡែកពីគ្នាដែលមានសារសំខាន់ជាក់ស្តែងដ៏ខ្លាំងក្លា ។ នាពេលបច្ចុប្បន្ននេះ វិបត្តិអ៊ុយក្រែននិងការប៉ះទង្គិចនៅតំបន់ហ្កាហ្សាបានអូសបន្លាយជាបន្តបន្ទាប់ ការពារនិយមកំពុងងើបឡើងវិញនៅទូទាំងពិភពលោក គម្លាតរវាងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍កាន់តែរីកធំជាបន្តបន្ទាប់ ហើយការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ ។ ក្នុងបរិបទបែបនេះ យន្តការ BRICS បានដឹកនាំកិច្ចសហប្រតិបត្តិការនៃប្រទេស”សកលខាងត្បូង”ឱ្យសម្របទៅនឹងតម្រូវការជាក់ស្តែង ហើយក៏សមស្របនឹងក្តីរំពឹងរួមផងដែរ ។
បច្ចុប្បន្ននេះ សមាមាត្រនៃប្រទេស”សកលខាងត្បូង”មានចំនួនលើសពី ៤០ ភាគរយនៃសេដ្ឋកិច្ចពិភពលោក ក្នុងនោះ ទំហំសេដ្ឋកិច្ចសរុបនៃមហាគ្រួសារប្រទេស BRICS ប្រហែលត្រូវជា ៣០ ភាគរយនៃទំហំសេដ្ឋកិច្ចសរុបរបស់សេដ្ឋកិច្ចពិភពលោក ហើយ”បណ្តាប្រទេសឈានមុខ”បានបន្តជំរុញកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនៃប្រទេស”សកលខាងត្បូង” ។
“វិបុលភាពជាទូទៅ”គឺជាគោលដៅរួមនៃប្រទេស”សកលខាងត្បូង” ។ នៅពេលមុននេះមិនជាយូរប៉ុន្មាន ប្រទេសចំនួន ១៥ ក្នុងនោះបូករួមទាំងប្រទេសចិន រុស្ស៊ីនិងប្រេស៊ីលជាដើមបានរួមគ្នាចេញផ្សាយ«គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិនៃការធ្វើឧស្សាហូបនីយកម្មបែបថ្មី» ហើយកិច្ចសហប្រតិបត្តិការ BRICS បានក្លាយជា”ប៊ូតុងចុចពន្លឿនល្បឿន”សម្រាប់ការអភិវឌ្ឍនៃប្រទេស”សកលខាងត្បូង” ។
ការធ្វើទំនើបភាវូបនីយកម្មគឺជាការស្វែងរករួមរបស់មនុស្សគ្រប់រូប ។ សន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើការចាត់ចែងរៀបចំជាប្រព័ន្ធចំពោះការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដែលមុខជានឹងផ្តល់កាលានុវត្តភាពកាន់តែច្រើនជូនដល់សកលលោក ។ ការធ្វើឱ្យសមិទ្ធផលនៃការធ្វើទំនើបកម្មអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសនីមួយៗនិងមនុស្សគ្រប់ៗគ្នា ដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ នេះគឺជាទិសដៅខិតខំប្រឹងប្រែងរបស់ចិន ហើយក៏ជាគោលដៅនៃការរួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការនៃប្រទេស”សកលខាងត្បូង”ផងដែរ ៕
ដោយ ៖ សិលា