ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាទៅចូលរួមសន្និសីទអគ្គព្រះរាជអាជ្ញា អាស៊ាន-ចិន លើកទី១៤

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅចូលរួមសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ» នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ។

មន្ត្រីនៃមហាអយ្យការអមតុលាការកំពូល បានឱ្យដឹងថា ការចូលរួមក្នុងបេសកកម្មផ្លូវការនេះ បង្ហាញពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ លើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុឆ្លងដែនដូចជា៖ ការសំអាតប្រាក់ ការឆបោក និងហិរញ្ញប្បទានភេរវកម្ម។

គណៈប្រតិភូប្រទេសកម្ពុជា ដែលមានសមាសភាព៖ អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល, អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍, ព្រះរាជអាជ្ញា និងមន្ត្រីជំនាញ នឹងចូលរួមកិច្ចពិភាក្សាកម្រិតខ្ពស់ ក្នុងគោលបំណង ពង្រឹង និងពង្រីកសមត្ថភាព របស់ព្រះរាជអាជ្ញា និងស្វែងរកដំណោះស្រាយ ក្នុងក្របខណ្ឌច្បាប់ ដើម្បីប្រឆាំងនឹងហានិភ័យ និងការគម្រាមកំហែង នៃឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងនឹងវិវត្តន៍ទៅមុខឥតឈប់ឈរ ។

ស្របជាមួយដំណើរបេសកកម្មផ្លូវការនេះ លោកស្រី ជា លាង បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយសង្កត់ធ្ងន់ លើសារៈសំខាន់នៃក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ និងភាពជាដៃគូ លើកិច្ចសហប្រតិបត្តិការឆ្លងដែន ។

លោកស្រី បានបញ្ជាក់ថា៖ ប្រទេសកម្ពុជា បន្តប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរក្នុងតំបន់ ឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវប្រសិទ្ធិភាព នៃការចោទប្រកាន់លើឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ភាពធន់ នៃប្រព័ន្ធហិរញ្ញវត្ថុ និងធានានូវនីតិរដ្ឋ ។

ជាមួយគ្នានោះ លោកស្រី ជា លាង នឹងចូលរួម ធ្វើបទអន្តរាគមន៍គន្លឹះក្នុងសន្និសីទនេះ ដោយធ្វើការចែករំលែកចំណុចសំខាន់ៗដូចជា៖ភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ, ការបន្តកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្តីអនុវត្តច្បាប់-ព្រះរាជអាជ្ញា, ការចែករំលែកព័ត៌មាន ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ, រួមនឹងបទពិសោធន៍របស់កម្ពុជា ក្នុងការសម្រេចបាន នូវលទ្ធផលជាវិជ្ជមានក្នុងការឈានចេញពីបញ្ជីប្រផេះលើបញ្ហាសំអាតប្រាក់ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ។

នៅចុងបញ្ចប់នៃសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤ អគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន នឹងចេញនូវសេចក្តីថ្លែងការណ៍រួម ដែលជាឧបករណ៍ គតិយុត្តកម្រិតតំបន់មួយ ដោយដើរតួរ ជាផែនទីបង្ហាញផ្លូវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការពង្រឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងតំបន់ ឈានឆ្ពោះទៅដល់ការជំរុញ ការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលធានាបាន នូវសុខុដុមរមណីយកម្មរបស់ប្រជាជនក្នុងតំបន់ និងប្រព័ន្ធហិរញ្ញវត្ថុមួយ ដែលសុចរិត និងទទួលបានការជឿជាក់ខ្ពស់បំផុត ៕

ប្រភព ៖  «CCFR China state-controlled media »


ចែករំលែក៖