ព័ត៌មានទាន់ហេតុការណ៍៖

នាំបក្ខពួកមកគាស់ទ្វារផ្ទះលួចម៉ូតូឪពុក,កូនទាញកាំបិតកាប់ឪត្រូវ១កាំបិតកាចែតរបួសធ្ងន់ដឹកយកទៅសង្រ្គោះបន្ទាន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ រឿងដ៏ចម្លែកមួយបានកើតឡើង ដោយកូនប្រុសបង្កើតបាននាំបក្ខពួកមកធ្វើសកម្មភាពគាស់ទ្វារផ្ទះរបស់ខ្លួនដើម្បីលួចយកម៉ូតូ ស្រាប់តែឪពុកភ្ញាក់ទាន់ប្រតាយប្រតប់ដណ្តើមយកម៉ូតូពីចោរ លោកកូន បង្កើតចិត្តដាច់ទាញកាំបិតកាប់ក្បាលឪពុកបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍មិនធ្លាប់មាននេះបានកើតឡើងកាលពីវេលាម៉ោង០១និង១៥រំលងអធ្រាត្រ​ឈានចូល ថៃ្ងទី​២៦​ ខែតុលា​ ឆ្នាំ២០២៤​ នៅក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា  មានករណីចោរចូល​លួចម៉ូតូ​​១គ្រឿង​ ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ បិទតែម​ ឡើងស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ​1C.6908 ​។ ម៉ូតូ​ខាងលេីជាកម្មសិទ្ធិឈ្មោះ ញៀន តុល ភេទប្រុស អា​យុ​៤៥ឆ្នាំ ត្រូវជាឪពុករប​ស់ឈ្មោះ​ តោ​ ភក្រ្តា​ ភេទ​ប្រុស​ អាយុ២២ឆ្នាំ​។ ជនរងគ្រោះជាឪពុកបានរងរបួសធ្ងន់ព្រោះ​តែការពារ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួនដែលលោកចោរបា​នចូលលួចនៅពាក់កណ្ដាលអធ្រាត្រ (​ក្រុមចោរដែលចូលធ្វើសកម្មភាពលួច​គឺ​ជាបក្ខពួករបស់កូនបង្កេីត​ និងបានកាប់ឪពុករប​ស់ខ្លួនមួយកាំ​បិតកាចែតចំក្បា​លផ្នែកខាងលេីចិញ្ចេីម​ )​។

មន្ត្រីនគរបាលស្រុកសំរោងទងបានបន្តថា សកម្មភាពដែលក្រុមជនសង្ស័យធ្វើនោះ នៅ​ពេលដែលឪពុក​បាន ឮ​សំឡេងគាស់ទ្វារនិងអូស​យកម៉ូតូចេ​ញ​ពីកន្លែងទុក​ ក៏ភ្ញាក់​ដឹងខ្លួនស្របពេលបក្ខពួករបស់កូន​ បាន​កំពុ​ង​តែលួចយកម៉ូតូនោះ កូនប្រុសបង្កើតបានទាញកាំបិតកាចែតកាប់ឪពុករបស់ខ្លួនគ្មានញញើតដៃ បណ្តាលឱ្យចំក្បាលរងរបួសធ្ងន់ រួចហើយព្យាយាមរត់គេច ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបានពីរនាក់។ 

មន្ត្រីនគរបាលដដែលបានបញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួនបានឈ្មោះ​ តោ​ ភក្រ្តា​ ដែលជាកូនប្រុសបង្កើតជនរងគ្រោះបានសារភាពថា ខ្លួននិងបក្ខពួក ២ នាក់ទៀតបានធ្វើសកម្មភាពចូលទៅលួចយកម៉ូតូរបស់ឪពុកខ្លួនពិតប្រាកដមែន ដោយបក្ខពួកជាអ្នកធ្វេីសកម្មភា​ព​ ហើយឪពុក​របស់ខ្លួនបានភ្ញាក់ដឹង​ខ្លួនទាន់​ និងបានមកប្រតាយប្រតប់ចាប់ទាញព្យាយាមដណ្តើមម៉ូតូ​ពីមិត្តភក្តិ ពេ​ល​នោះដេីម្បីកុំឱ្យខូចផែនការ​ដែលរៀបចំទុក ខ្លួន​(កូនប្រុសបង្កើត)បានទាញ​កាំបិតកាចែតកាប់ប្រហារ​ទៅលេីលោកឪពុកតែម្ដង​  រួចហើយបក្ខពួករបស់គេម្នាក់ទៀតបាន​យកម៉ូតូចេញផុតពីទីកន្លែងកេីតហេ​តុ​គេចខ្លួនបាត់ទៅ។ បក្ខពួក​​ទាំងពីរនាក់មានឈ្មោះ សុិន សាម៉េត​ ហៅ​ ហួ​ ភេទប្រុស អាយុ២១ឆ្នាំ (គេចខ្លួន​បាត់)​ និងឈ្មោះ ផល ឆើត ហៅ​ ប៉ៃ​ ភេទប្រុ​ស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែកក់ ឃុំរលាំង​ចក ស្រុកសំ​រោងទង​។

បច្ចុប្បន្ន​កូនប្រុសចិត្តដាច់កាប់ឪពុក និងបក្ខពួកម្នាក់ ទៀតដែលសមត្ថកិច្ច​ឃាត់ខ្លួនបាននោះនគរបាលស្រុកសំរោងទង បានកសាងសំណុំរឿងចាត់ការ​បន្តបញ្ជូន​ទៅការិយាល័យ​ជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖