ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តែងតែយកចិត្តទុកដាក់ពីមន្រ្តីថ្នាក់ក្រោមនៅពេលជួបបញ្ហាលំបាក ដូចជា មានជំងឺប្រចាំកាយ មានជីវភាពខ្វះខាត ជាពិសេសគឺមន្ត្រីនគរបាលជាស្រ្តី នៅពេលមានផ្ទៃពោះ ពេលសម្រាលកូនរួច លោកតែងតែចាត់ឱ្យក្រុមការងារចុះយកអំណោយប្រគល់ជូនក្រុមគ្រួសារផងដែរ។
ជាក់ស្ដែងលោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុប ផែនការ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានចាត់តំណាង លោកស្រីឧត្តមសេនីយ៍ត្រី ហួរ លីហេង អនុប្រធាននាយកដ្ឋាន រួមទាំងក្រុមការងារចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ឯក សឿន វិច្ឆិកា ឋាន: នាយរងផ្នែក នៃការិយាល័យរដ្ឋបាល-សរុប ដែលកំពុងសម្រាលកូន នៅមន្ទីរពេទ្យសម្ភពណូប៊ែល។
ក្នុងឱកាសនេះដែរ ក្រុមការងារក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងទទួលបន្ទុកការងារសេនាធិការ លោកឧត្ដមសេនីយ៍ឯក សាស្រ្តាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការដ្ឋាន និងលោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុប ផែនការ ព្រមទាំងបងប្អូនជាសហការីក្នុងអង្គភាពទាំងមូល ។
ជាចុងក្រោយក្រុមការងារ សូមជូនពរឲ្យលោកស្រីអនុសេនីយ៍ឯក សឿន វិច្ឆិកា និងកូន មានសុខភាពល្អ និងបាននាំយកថវិកាមួយចំនួនរបស់នាយកដ្ឋានផ្តល់ជូនដល់លោកស្រីផងដែរ៕
ដោយ៖ តារា