ព័ត៌មានទាន់ហេតុការណ៍៖

ឆ្ងល់បងប្រុសមិនងេីបទៅបេីកតូបធ្វេីម៉ូតូឡេីងទៅដាស់បែរជាស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ៖ យុវជនជាងជួសជុលម៉ូតូម្នាក់ត្រូវបានប្អូនប្រុសប្រទះឃេីញដេកស្លាប់នៅផ្ទះជួលជាន់ទី៥​ ដោយសង្ស័យខ្យល់គរ​ ខណៈឡេីងទៅដាស់​ ឆ្ងល់ដេកយូរមិនងេីបទៅបេីកតូបជួលជុលម៉ូតូ។ 

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅលើជាន់ទី៥ផ្ទះជួល ក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ីតូ ពីទូ អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ និងមានទីលំនៅភូមិផ្ដៅជុំលិច ឃុំផ្តៅជុំ ស្រុកជើងព្រៃ កំពង់ចាម ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។ រូបគេបានជួលតូបមួយនៅម្ដុំជិតផ្សារកាណាស៊ីធី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើកន្លែងជួសជុលម៉ូតូ។ ប៉ុន្តែអត់ដែលស្នាក់នៅក្នុងតូបជួសជុលម៉ូតូនោះទេព្រោះក្ដៅស្អុះ ទើបក្រោយបិទតូបរួចតែងតែទៅដេកនៅជាន់ទី៥ផ្ទះជួលខាងលើដែលជាផ្ទះពូបង្កើតរបស់ខ្លួនរាល់យប់ ។

ប្រភពដដែលបានឲ្យដឹងបន្តថា ជារៀងរាល់ថ្ងៃយុវជននេះតែងតែទៅបើកតូបធ្វើម៉ូតូនៅវេលាម៉ោង៦ព្រឹក លុះរហូតដល់ម៉ោង៩យប់ទើបបិទតូប រួចទៅដេកនៅផ្ទះជួលកើតហេតុ ដោយឡែកនៅថ្ងៃទី២៨ ខែតុលា បានបិទតូបតាំងពីវេលាម៉ោង៧យប់ ដោយនិយាយថាអត់ស្រួលខ្លួន ។ បន្ទាប់មកក៏បានឡើងទៅដេកលើជាន់ទី៥ដូចរាល់ដង ហើយរហូតដល់វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែតុលា អត់ឃើញក្រោកទៅបើកតូបដូចរាល់ដង ។ ខណៈនោះពូក៏បានខលដាស់ប៉ុន្តែអត់លើកទូរស័ព្ទ ទើបប្រើក្មួយប្រុសម្នាក់ទៀត ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះឡើងទៅមើលនិងដាស់ ក៏ប្រទះឃើញស្លាប់រឹងបាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង ។

ក្រោយពេលកើតហេតុអាជ្ញាធរសង្កាត់ចោមចៅទី២ និងនគរបាលប៉ុស្តិ៍ចោមចៅទី២បានចុះទៅពិនិត្យជាក់ស្ដែង រួចរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើកោសល្យវិច័យ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖