ក្រុមអ្នកស្រាវជ្រាវ និងអ្នកវិភាគសង្គមនៅកម្ពុជាលើកឡើងថា ចលនាបាតុកម្មដែលគ្មានអ្នកចូលរួមនៅកូរ៉េខាងត្បូងដឹកនាំដោយលោកស្រី មួរ សុខហួរ ដែលជាមេដឹកនាំចលនាខុសច្បាប់នៅក្រៅប្រទេស បង្ហាញពីការបរាជ័យផ្នែកនយោបាយ បាត់បង់ជំនឿពីសំណាក់ពលរដ្ឋរស់នៅបរទេស និងជាការធ្វើនយោបាយឡុងចុងរបស់ក្រុមប្រឆាំងជ្រុលនិយមខុសច្បាប់ទាំងនោះ។
លោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការរៀបចំចលនាបាតុកម្មលើប្រធានបទដដែលៗ ដឹកនាំដោយលោកស្រី មួរ សុខហួរ ដែលជាមេដឹកនាំចលនាខុសច្បាប់នៅក្រៅប្រទេស នៅកូរ៉េខាងត្បូង គឺជារឿងអាម៉ាស់មួយនៅលើឆាកនយោបាយ និងបង្ហាញច្បាស់ពីការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ត្បិតគ្មានជំនឿចិត្តពីសំណាក់ពលរដ្ឋនៅក្រៅប្រទេសទៀតនោះទេ។
លោកបណ្ឌិតបានពន្យល់បន្ថែមថា បាតុកម្មនេះគឺបង្ហាញពីការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅស្រុក ពីព្រោះការធ្វើបាតុកម្មនៅកូរ៉េខាងត្បូងកាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅមានអ្នកចូលរួមតិចបំផុតមិនដល់៥០នាក់ផង ដូច្នេះការប្រមូលផ្តុំគ្នាដើម្បីតវ៉ារឿងអ្វីមួយហើយគ្មានអ្នកចូលរួមសំដែងមតិ ទាំងនោះមានន័យថាសកម្មភាពបាតុកម្មទាមទាររបស់ពួកគេមិនត្រូវបានគាំទ្រដោយពលរដ្ឋនៅបរទេសទៀតនោះទេ ដែលទាំងនេះបញ្ជាក់ថា ពលរដ្ឋគ្មានជំនឿលើកការធ្វើនយោបាយប្រជាភិថុត បោកប្រាស់ពលរដ្ឋនៅក្រៅស្រុកពីសំណាក់ពួកគេទៀតនោះទេ។
លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ការធ្វើបាតុកម្មដើម្បីឱ្យរាជរដ្ឋាភិបាលដកកម្ពុជាចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) គឺបង្ហាញពីចេតនានយោបាយ និងសកម្មភាពបម្រើផលប្រយោជន៍បុគ្គលមួយក្តាប់តូចនៅក្រៅប្រទេសដែលសុទ្ធសឹងតែជាអតីតសមាជិក និងមេដឹកនាំគណបក្សសង្គ្រោះជាតិ មិនបម្រើដល់ផលប្រយោជន៍រួមនោះទេ ពីព្រោះតវ៉ាមកធ្វើអ្វី ដោយសារតែរាជរដ្ឋាភិបាលបានប្រកាសដកតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ជាផ្លូវការរួចរាល់ហើយ ដូច្នេះពួកគេមានរបៀបវារៈនយោបាយខុសច្បាប់ផ្សេងដែលនៅពីក្រោយខ្នង។
ចំណែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគសង្គម បានលើកឡើងថា ការធ្វើបាតុកម្មដោយគ្មានអ្នកចូលរួម ដឹកនាំដោយលោកស្រី មួរ សុខហួរ នៅកូរ៉េខាងត្បូង លើប្រធានបទដដែលៗនេះគឺជាការធ្វើនយោបាយមិនទាន់សម័យ ធ្វើនយោបាយលើវិធីសាស្រ្តច្រំដែល ដដែលៗ មិនទាន់សភាពការណ៍ ដែលទាំងនេះបង្ហាញពីការបរាជ័យនៃជំនួយនយោបាយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស និយាយជារួមគឺការធ្វើសកម្មភាពនយោបាយដោយគ្មានន័យ គ្មានជំនឿចិត្តពីពលរដ្ឋនៅបរទេសទៀតនោះទេ។
លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា ការធ្វើនយោបាយរបស់ក្រុមប្រឆាំងនៅក្រៅស្រុក នឹងបន្តបរាជ័យ និងគ្មានជំនឿពីសំណាក់ពលរដ្ឋកាន់តែច្រើនឡើងៗនៅពេលបន្តបន្ទាប់ទៀត ពីព្រោះពលរដ្ឋនៅបរទេសបានឃើញពីការធ្វើនយោបាយយកគំនិតជាតិនិយមមកដុតរោលរាលលើពលរដ្ឋ ដើម្បីផលប្រយោជន៍នយោបាយខុសច្បាប់មួយក្តាប់តូចលើក្រុមរបស់ពួកគេនេះ កាន់តែលិចកន្ទុយចេញក្រៅកាន់តែវែង ដែលទាំងនេះនឹងក្លាយជាទីបញ្ជប់ និងជាការបរាជ័យរបស់ពួកគេលើជំនួយនយោបាយ។