ខេត្តកោះកុង៖ យោងតាមប្រភពព័ត៌មានពីមន្ទីរបរិស្ថានខេត្តកោះកុង នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មន្រ្តីជំនាញ នៅដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតត្រពាំងរូង កម្លាំងមន្ត្រីឧទ្យានុរក្សបានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាតរុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ៥៦ខ្សែ។
ដោយឡែក នៅស្នាក់ការល្បាតសហគមន៍អេកូទេសចរណ៍ជីផាត កម្លាំងមន្ត្រីឧទ្យានុរក្សសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានល្បាតរុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដោយធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ១៧ខ្សែ។
គួររម្លឹកថា «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ផ្តួចផ្តើមនិងដឹកនាំរៀបចំដោយក្រសួងបរិស្ថានដោយមានការចូលរួមរបស់អង្គការអន្តរជាតិដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ នៅក្នុងបណ្តាខេត្តខាងកើតទន្លេមេគង្គរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំដោយមានការចូលរួមពីតំណាងអង្គការដៃគូរួមមានអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអននតរជាតិ (USAID Green Prey Lang) និងអង្គការ FFI។
គួរជម្រាបជូនថា ការបើកយុទ្ធនាការអន្ទាក់សូន្យ ស្របពេលដែលពិភពលោកប្រារព្ធទិវាសត្វព្រៃពិភពលោកផងដែរ និងមានគោលបំណងសំខាន់រួមមាន ការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិត សត្វ និងជីវិតមនុស្ស ពង្រឹងការអនុវត្តច្បាប់ ការផ្លាស់ប្តូរឥរិយា បថពលរដ្ឋឱ្យបង្កើនការប្រតិបត្តិមេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាក់ការជួញដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើនសុវត្ថិភាពដល់សត្វព្រៃគ្រប់ប្រភេទ៕
ដោយ៖ តារា