ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាបានបង្ហាញពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៃការរស់នៅពលរដ្ឋខ្មែរ និងក៏ជាទីទាក់ទាញវិស័យទេសចរណ៍

ចែករំលែក៖

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា និងព្រឹត្តិការណ៍ផ្សេងៗទៀតដែលទាក់ទងនឹងវប្បធម៌ និងសិល្បៈខ្មែរ គឺបានរួមចំណែកលើកតម្កើង និងផ្សព្វផ្សាយ វប្បធម៌ ប្រពៃណី ដែលជាមរតកប្រពៃណីជាតិ គឺបានបង្ហាញដល់ សាធារណជន និងភ្ញៀវទេសចរឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ស្នាមញញឹម នៃកម្ពុជា លើកទី២ ដែលប្រព្រឹត្តិទៅនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ពិធីនេះគេ ក៏ឃើញមានការចូលរួមផងដែរពីសំណាក់មន្រ្តីពាក់ព័ន្ធ សមាគមសិល្បករខ្មែរ មន្រ្តី និងសិល្បករ សិល្បការិនី និងប្រជាពលរដ្ឋរាប់សិបនាក់។ 

បញ្ជាក់ក្នុងពិធីបើកព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះលោកជំទាវ រដ្ឋមន្រ្តីក្រសួងវប្បធម៌បានមានប្រសាសន៍ថា៖ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះក្រៅពីការបង្ហាញពីវប្បធម៌ដ៏អស្ចារ្យនៃដូនតាខ្មែរក៏មានការតាំងបង្ហាញមុខម្ហូបអាហារខ្មែរ ដ៏មានតម្លៃណាស់ ហើយវាក៏បង្ហាញពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានប្រវត្តិដ៏យូរលង់មកហើយ។ 

 លោកស្រីបានបញ្ជាក់បន្ថែមថា៖ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ នេះមានការតាំងបង្ហាញនូវម្ហូបអាហារ ស្ដង់ពិព័រណ៍ ការសម្ដែងសិល្បៈចម្រុះបែប។ល។  

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២៩ ខែតុលានេះ ក៏មានកម្មវិធីក្បួនដង្ហែព្រះមហាក្សត្រនៅសម័យអង្គរ ដែលរៀបចំនៅបរិវេណខាងក្នុងប្រាសាទអង្គរវត្ត។សម្រាប់ក្នុងព្រឹត្តិការណ៍នេះដែរ ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍សិល្បៈវប្បធម៌ដ៏ធំអំឡុងឆ្នាំ២០២៤នេះ ដែលជាការរួមបញ្ចូលគ្នានៃព្រឹត្តិការណ៍២ក្នុងពេលតែមួយនោះគឺ ទី១ កម្មវិធី «ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ» ដែលជាព្រឹត្តិការណ៍សម្តែងយ៉ាងអស្ចារ្យពីវីរភាពព្រះបាទជ័យវរ្ម័នទី៧ ដោយមានសិល្បករសិល្បការិនីចូលរួមសម្តែងជាច្រើនរយនាក់ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត។ ទី២ គឺកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលការបង្ហាញពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរផ្សារភ្ជាប់នឹងប្រាង្គប្រាសាទ ក៏ដូចជាតំបន់ទេសចរណ៍ល្បីៗ ការដាក់តាំងបង្ហាញម្ហូបអាហារបែបខ្មែរ និងការស្វាគមន៍ធ្វើយ៉ាងណាផ្ដល់ស្នាមញញឹមប្រកបដោយភាពកក់ក្ដៅជូនដល់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ដែលបានចូលរួម។

ជាមួយគ្នានេះ ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា បានរៀបចំឡើងដោយផ្សារភ្ជាប់នឹងការអបអរខួប២០ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

  សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ រៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ដោយមានការតាំងបង្ហាញនូវម្ហូបអាហារ ស្ដង់ពិព័រណ៍ ការសម្ដែងសិល្បៈចម្រុះបែប៕

ដោយ ៖ សិលា


ចែករំលែក៖