ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក( ២០២៥ ២០២៧) ឆ្នាំ២០២៤នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សេងសីលា អភិបាលរងខេត្តតំណាងលោក អភិបាលខេត្តស្វាយរៀង សូមស្នើដល់មន្ទីរ អង្គភាព អង្គការជាតិ-អន្តរជាតិ មេត្តាពិនិត្យ និងពិចារណានូវគម្រោងសកម្មភាពដែល ជាតម្រូវការចាំបាច់ និងធ្វើការសម្រេចចិត្តគាំទ្រគម្រោងសកម្មភាពអាទិភាពរបស់ក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យបានសមស្រប ជៀសវាងគាំទ្រក្រៅគម្រោង ដែលមិនឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន នៅមូលដ្ឋាន។

ការស្នើសុំបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក (២០២៥ .២០២៧) ឆ្នាំ២០២៤នៅក្រុងបាវិតដោយមានការចូលរួមពីសំណាក់ លោកលឹមសៀងហេង អភិបាលក្រុង លោកណេបសារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត លោកលោកស្រីប្រធានអនុប្រធានមន្ទីរ លោកចៅសង្កាត់ទាំង៥ និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោកលឹម សៀងហេង អភិបាលក្រុងបាវិត បានមានប្រសាសន៍ ថា សិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល(២០២៥. ២០២៧) ក្នុងឆ្នាំ២០២៤នេះ ជាឱកាសដើម្បីផ្សព្វ ផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល  និងកៀរគរប្រភពធនធានផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព សម្រាប់អនុវត្តន៍នៅឆ្នាំបន្ទាប់ និងសម្របសម្រួលធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ក្រុង ស្រុក ជាមួយនឹងគម្រោងនៃកម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ និងដើម្បីស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជនផងដែរ។

លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថាអង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២៤ នាថ្ងៃនេះ ដើម្បីឱ្យគម្រោងសកម្មភាពជាអាទិភាពដែលបានស្នើដោយឃុំ សង្កាត់ ឱ្យមានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានា របស់បណ្តាមន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ តាមរយៈការវិភាគ និងចរចារវាងមន្ទីរ អង្គភាព និងអង្គការនានា ជាមួយក្រុង ស្រុក និងឃុំ សង្កាត់ ដែលមានការទាក់ទងគ្នា

ដើម្បីប្រមូលផ្តុំធនធាន សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានដោយប្រើប្រាស់សក្តានុពល នៃធនធាន ចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែល្អប្រសើរ ដោយមានកិច្ចសហប្រតិបត្តិការល្អ ដើម្បី សម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាព ជាជាងការធ្វើសកម្មភាពតែឯកឯង។ 

បន្ថែមលើនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវលើកសំណួរចំពោះមន្ទីរ អង្គភាព និងអង្គការពាក់ព័ន្ធ ដែលបានគាំទ្រហើយមិន ទាន់បានអនុវត្ត ឬក៏អនុវត្តមិនទាន់ចប់កិច្ចព្រមព្រៀងឆ្នាំកន្លងមក។ អាជ្ញាធរក្រុង ស្រុក ត្រូវប្រើឱកាសនេះ សម្រាប់ផ្តល់ព័ត៌មានបន្ថែមដល់មន្ទីរ អង្គភាព អង្គការនានា និងសប្បុរសជន អំពីកិច្ចការផ្តល់សេវាយ៉ាងណាឱ្យល្អប្រសើរ ឬក៏បង្ហាញអំពីបញ្ហាប្រឈមរួម ដែលកើតមាននៅតាមបណ្តាឃុំ សង្កាត់ ភាគច្រើនក្នុងដែនដីរបស់ខ្លួន គឺមិនអាចដោះស្រាយបញ្ហាតាមឃុំ សង្កាត់នីមួយៗ ដាច់ដោយឡែកពីគ្នាបាននោះទេ ៕

ដោយ៖ សុថាន


ចែករំលែក៖