សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ បានផ្សាយថា កោះតៃវ៉ាន់រំពឹងថា ព្យុះទីហ្វុងឈ្មោះ កងរី នឹងធ្វើដំណើរទៅដល់នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និងបានចេញសារព្រមានជាមុនឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំង។
ព្យុះកងរី បានកើនថាមពលដល់កម្រិតជាព្យុះស៊ូភើទីហ្វុង ជាមួយកម្លាំងខ្យល់បក់អតិបរមា ជិត៣០០គីឡូម៉ែត្រក្នុង១ម៉ោង ហើយត្រូវបានរំពឹងថា នឹងបន្តប្រមូលផ្តុំកម្លាំងថែមទៀត មុនពេលវាទៅដល់តំបន់ Taitung របស់តៃវ៉ាន់។ បើតាមការព្យាករ ព្យុះកងរី បន្ទាប់មក នឹងឆ្លងកាត់កោះតៃវ៉ាន់ ចូលទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ហើយឆ្ពោះទៅរកប្រទេសចិន។
មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានទទូចឱ្យប្រជាជន នៅឱ្យឆ្ងាយពីតំបន់ភ្នំនិងឆ្នេរសមុទ្រ ខណៈក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ខ្លួនបានត្រៀម កងកម្លាំងយោធាប្រហែល ៣៦,០០០នាក់ នៅទូទាំងដែនកោះនេះ ដើម្បីឆ្លើយតបផលប៉ះពាល់ ដែលបង្កឡើងដោយព្យុះកងរី។
កោះតៃវ៉ាន់ តែងរងការវាយប្រហារពីព្យុះទីហ្វុងជារឿយៗ។ ចុងក្រោយគេ គឺព្យុះទីហ្វុង Krathon ដែលបានសម្លាប់មនុស្ស៤នាក់ កាលពីដើមខែតុលានេះ នៅពេលវាបោកបក់កាត់ភាគខាងត្បូងតៃវ៉ាន់៕ ដោយ៖ ធីរីណា
រូបថត៖ AFP