ខេត្តបន្ទាយមានជ័យ៖ ស្រ្តីជាកម្មករចំណាស់ម្នាក់ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បើកថយក្រោយកិនស្លាប់កាលពីរសៀលថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវលំស្ថិតក្នុងភូមិទូលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
សពជនរងគ្រោះមានឈ្មោះ ឡាយ កូស៊ីន អាយុ៥៩ឆ្នាំ ជាកម្មករនៅភូមិកើតហេតុ។
យោងតាមកាមេរ៉ាសុវត្តិភាពគេមើលឃើញថាៈមុនកើតហេតុគេឃើញស្ត្រីរងគ្រោះឈរនៅក្រោយរថយន្តក្រឡុកស៊ីម៉ងត៍ ដែលគេសង្ស័យថា រថយន្តនេះអាចថយចាក់បេតុងសល់ ប៉ុន្តែដោយពេលថយក្រោយមិនបានពិនិត្យមើលខាងក្រោយក៏កិនស្ត្រីរងគ្រោះដែលឈរខាងក្រោយហើយដែលគេសង្ស័យថាគាត់ស្រវឹងស្រាមិនបានដឹងបានជាមិនឃើញរថយន្តបើកថយក្រោយទើបបណ្ដាលឲ្យរថយន្តកិនស្លាប់នៅនឹងកន្លែងតែម្ដង។
ចំពោះតែកុងរថយន្តក្រោយកើតហេតុបានរត់បាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយពីកើតហេតុគេឃើញមានកម្លាំងសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែតចុះមកដល់កន្លែងកើតហេតុដើម្បីពិនិត្យនិងធ្វើកំណត់ហេតុ យករថយន្តទៅរក្សាទុកនៅអធិការដ្ឋានក្រុងដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណា