ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី, ចិនអាចនឹងជួយខាងបច្ចេកទេស ឱ្យជោគជ័យដូចស៊ីហ្គេម

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពេលប្រកាសបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ កាលពីល្ងាចថ្ងៃទី៣០ ខែតុលា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ ២០២៩ ហើយការសម្រេចធ្វើជាម្ចាស់ផ្ទះនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យលើសមត្ថភាពពេញលេញ និងការកៀរគរធនធានចាំបាច់ និង គ្រប់គ្រាន់ សម្រាប់រៀបចំ។

គួរបញ្ជាក់ដែរថា ភាគីចិនគ្រោងនឹងជួយផ្នែកបច្ចេកទេសកីឡាបន្ត ដល់កម្ពុជា ឈានទៅរកជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ បន្ទាប់ពីធ្លាប់បានជួយជ្រោមជ្រែង ឲ្យជោគជ័យព្រឹត្តិការកីឡាស៊ីហ្គេម លើកទី៣២ នេះបើតាមការបញ្ជាក់ពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា នាពេលថ្មីៗនេះ។

សម្តេចបវរធិបតី បានលើកឡើងថា ការរៀបចំការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី២ នេះ ក៏ជាឱកាសថ្មីមួយទៀត ដែលបានបង្ហាញអំពីការរីកចម្រើន និងការអភិវឌ្ឍវិស័យកីឡាកម្ពុជា និងជាការត្រៀមខ្លួនរួចរាល់ សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី ៦ នៅឆ្នាំ២០២៩។

«កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ ២០២៩…ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ខាងមុខ កម្ពុជា មានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ ឱ្យទទួលបានបទពិសោធល្អក្នុងការចូលរួមការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា»។

ថ្លែងក្រោយបញ្ចប់ ពិធីចុះហត្ថលេខាបញ្ចប់គម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា និងចិន នៅអាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីខែសីហា ឆ្នាំ២០២៤ លេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងគូសបញ្ជាក់ថា គម្រោងជំនួយបច្ចេកទេសកីឡាដែលចិនបានជួយកម្ពុជា លើ១២ប្រភេទកីឡាទៅហ្វឹកហាត់នៅប្រទេសចិនបានបញ្ចប់គម្រោងហើយ  ហើយគម្រោងថ្មីដែលគ្រោងចុះហត្ថលេខាបន្តលើការជួយជំនួយបច្ចេកទេសកីឡា តាមរយៈការជួយពីសំណាក់ភាគីចិន គឺកញ្ចប់គម្រោងសម្រាប់កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម អះអាងថា នេះជាការបង្ហើបប្រាប់ពីភាគីចិន ដើម្បីជួយអភិវឌ្ឍន៍សមត្ថភាពអត្ថពលិកកម្ពុជាឈានទៅរកការប្រជែងដណ្តើមបានមេដាយ ប្រកបដោយគុណភាព។

លោក រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ជាក់ស្តែងសម្រាប់គម្រោងជំនួនបច្ចេកទេសកីឡា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ បានជួយឱ្យគុណផល របស់អត្តពលិកកម្ពុជា រីកចម្រើន និងទទួលបានលទ្ធផល្អ គឺការប្រជែងដណ្តើមបានមេដាយ យ៉ាងច្រើន ជូនដល់ជាតិ៕

ប្រភព ៖ «CCFR China state-controlled media »


ចែករំលែក៖