ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​៖ មូលហេតុដែលនាំឱ្យមនុស្ស និងយុវជនមួយចំនួនប្រើប្រាស់គ្រឿងញៀន គឺ“ ចង់សាកឃើញគេប្រើប្រាស់សប្បាយ ចាញ់បោក និងត្រូវគេចាប់បង្ខំ “

ចែករំលែក៖

ភ្នំពេញ​៖​ “ បញ្ហាគ្រឿងញៀនមិនមែនជារឿងដោយឡែកណាមួយរបស់នរណាម្នាក់នោះទេ គឺជារឿងរបស់យើងទាំងអស់គ្នា “ ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន, ត្រូវជៀសឲ្យផុតពីគ្រឿងញៀនដែលបំផ្លាញអនាគតខ្លួនឯង, ត្រូវ បញ្ឈប់គ្រឿងញៀន ដើម្បីខ្លួនឯង និងគ្រួសារ។​ នេះបេី​តាមប្រសាសន៍របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងកម្មវិធី ប្រកួតវោហារកោសល្យ ឆ្លងសាខា ” វគ្គផ្តាច់ព្រ័ត្រ ” ក្រោមមូលបទ៖ ” ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាអ្នកឧញ៉ា ហុង ពីវ (កួរស្រូវ២)។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មូលហេតុដែលនាំឱ្យមនុស្ស និងយុវជនមួយចំនួនប្រើប្រាស់គ្រឿងញៀន គឺ“ ចង់សាកឃើញគេប្រើប្រាស់សប្បាយ ចាញ់បោក និងត្រូវគេចាប់បង្ខំ “ ។ ដូច្នេះហើយ លោករដ្ឋមន្ត្រី​ បានផ្តាំផ្ញើដល់ក្មួយ ៗប្អូនៗ និងយុវជនទាំងអស់ សូមជៀសអោយផុតពីការប្រើប្រាស់គ្រឿងញៀន កុំចង់សាក ហើយនៅពេលគេលួងលោមអោយប្រើប្រាស់ គឺខ្លួនយើងត្រូវដឹងច្បាស់ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន,បើសិនជាមានគេចាប់បង្ខំ បោកបញ្ឆោត ត្រូវរិះរកគ្រប់វិធីដើម្បីគេចចេញដោយមិនប្រើប្រាស់ ។

លោកប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានជម្រុញលើកទឹកចិត្តដល់ សាធារណជនទូទៅ ពិសេសយុវជនទាំងអស់ត្រូវត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថាកម្ពុជា ជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន ។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបន្តវេនពីសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ននេះ គឺសម្តេចធិបតីបានបន្ត បេសកកម្មនៅក្នុងការទប់ស្កាត់ បង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានដាក់ចុះនូវវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន ។

ក្នុងឱកាសនេះដែរ លោកប្រធានគណៈកម្មការ បានជម្រុញលើកទឹកចិត្ត ដល់សិស្ស និស្សិត និងយុវជន រួមទាំងបងប្អូនប្រជាពលរដ្ឋ សូមទាញយកកម្មវិធីទូរស័ព្ទដៃ (App NoDrug) មកប្រើប្រាស់ដែលបច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ជាង ៤មុឺននាក់ហើយ ហើយចូលរួម ដោនឡូត App ” No Drug ” មានន័យថា ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និង ទប់ស្កាត់បញ្ហាគ្រឿងញៀន ។ ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនឲ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាឱ្យសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពកាន់តែរឹងមាំក្នុងការបង្ការការពារខ្លួន ការពារក្រុមគ្រួសារ និងមិត្តភក្តិ ហើយជាង នេះទៀត គឺដើម្បីឱ្យពួកគាត់បានយល់ដឹងនិងអាចចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច អនុវត្តច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន៕

ដោយ​៖ តារា​


ចែករំលែក៖