ភ្នំពេញ៖ ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
នៅក្នុងព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ថា នាឱកាសដ៏ប្រពៃថ្លៃថ្លា ក្នុងពិធីបើកបវេសនកាលនៃរដ្ឋសភា ដែលប្រារព្ធឡើងក្នុងសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ខ្ញុំព្រះករុណាខ្ញុំ មានហឫទ័យសោមនស្សរីករាយ ក្រៃលែង សូមទូលថ្វាយនូវសេចក្តីគោរពសក្ការៈចំពោះ សម្តេចព្រះមហាសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង សេចក្តីនឹករលឹកដល់ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិទាំងអស់ទូទាំងប្រទេស។
បងប្អូនជនរួមជាតិជាទីស្នេហា ក្នុងរយៈពេលកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារ ប្រកបដោយថាមពលខ្លាំងក្លា ដោយបានប្រជុំពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់ជាច្រើន ដើម្បីបម្រើដល់ ផលប្រយោជន៍ប្រជាជាតិ និងសម្របទៅនឹងការវិវត្តនៃនយោបាយសកលនាពេលបច្ចុប្បន្ន ដែលកាន់តែមាន លក្ខណៈស្មុគស្មាញ និងពិបាកប៉ាន់ស្មានទុកជាមុនបាន។ ជាមួយនេះ ឆ្លៀតពេលដ៏មមាញឹកក្នុងតួនាទី និងភារកិច្ចខាងលើ រដ្ឋសភាក៏បានធ្វើការពិនិត្យ សិក្សា និងស្វែងយល់នូវការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទៅតាមវិស័យរៀងៗខ្លួនយ៉ាងសស្រោកសស្រាំ ព្រមទាំងបានដោះស្រាយនូវបញ្ហាប្រឈមជាច្រើនជូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហាដែលនៅសេសសល់ រដ្ឋសភាក៏បានទទួលយក និងកំពុងចាត់ចែងទៅតាមនីតិវិធីរបស់រដ្ឋសភា ផងដែរ។
បន្ថែមពីនេះ រដ្ឋសភាក៏បានពង្រឹងតួនាទី និងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពស្ថាប័ន ដើម្បីឆ្លើយតបឱ្យ បានសមស្របតាមទិសដៅ នៃការកែទម្រង់ឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្ត វៀងវៃ និងមោះមុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល១ឆ្នាំមកនេះ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបន្តកើនឡើងជាលំដាប់ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗជាច្រើន។ ស្របពេលជាមួយនេះ ដើម្បីបន្តរក្សាបាននូវសន្តិភាព សន្តិសុខ និងកំណើនសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាបន្ន រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីគោលនយោបាយ និងវិធានការគន្លឹះ ក្នុងយុទ្ធសាស្ត្របញ្ចកោណ និងជំរុញការកែទម្រង់លើវិស័យសំខាន់ៗយ៉ាងម៉ត់ចត់ សំដៅលើកកម្ពស់អភិបាលកិច្ច ល្អ និងសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគុណភាពជូនប្រជាពលរដ្ឋ។
ក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ និងឯកឧត្តម វង សូត អនុប្រធានទី២ ដែលបានដឹកនាំរដ្ឋសភាដោយឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់ ព្រមទាំងសមាជិក សមាជិការដ្ឋសភា គ្រប់រូប ដែលបានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផល យ៉ាងច្រើន ជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន គួរជាទីមោទនៈ។
ខ្ញុំព្រះករុណាខ្ញុំ សូមឱ្យស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព ការលើកកម្ពស់ជីវភាពប្រជាជន និង សម្រេចបាននូវកំណើនសេដ្ឋកិច្ចសង្គមឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាមួយនេះដែរ ខ្ញុំព្រះករុណាខ្ញុំ សូមឱ្យបងប្អូនជនរួមជាតិទូទាំងប្រទេស បន្តចូលរួមថែរក្សាសាមគ្គីភាព និងឯកភាពជាតិ ឱ្យកាន់តែរឹងមាំ ដើម្បីថែរក្សាជំរុញនាវាកម្ពុជានៃយើង ឆ្ពោះទៅរកការអភិវឌ្ឍ សម្បូរសប្បាយ ដូចអារ្យប្រទេសនានានៅលើ សកលលោក។
ឆ្លៀតឱកាសដ៏មហោឡារិកនេះ ខ្ញុំព្រះករុណាខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវ ទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះទសបារមី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមបីបាច់ ថែរក្សា សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ និងជនរួមជាតិទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នៅទីបញ្ចប់នេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រសិទ្ធពរបវរសួស្តី ជ័យមង្គលមហាប្រសើរ ជូនសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ៕
ដោយ៖ តារា