សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផ្សាយថា ទីក្រុងប៉េកាំង ប្រទេសចិន នៅសុក្រសប្តាហ៍នេះបានបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងរវាងរុស្ស៊ី នឹងកូរ៉េខាងជើង គឺជារឿងផ្ទៃក្នុងរបស់ប្រទេសទាំងពីរ ហើយមិនមែនជាកង្វល់របស់ខ្លួននោះទេ។
ការថ្លែងនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានថា កូរ៉េខាងជើងបានបញ្ជូនទាហាន រហូតដល់ ៨,០០០នាក់ ទៅកាន់តំបន់ព្រំដែនរបស់រុស្ស៊ី ដើម្បីត្រៀមខ្លួនសម្រាប់ការប្រយុទ្ធនៅអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា កូរ៉េខាងជើងនិងរុស្ស៊ី គឺជារដ្ឋអធិបតេយ្យដែលមានសិទ្ធិក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ចិន ក៏បានបញ្ជាក់ជាថ្មីអំពីជំហររបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយនយោបាយ ចំពោះវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបរិហារនូវអ្វីដែលលោកហៅថា អសកម្មរបស់សម្ព័ន្ធមិត្តលើកងទ័ពកូរ៉េខាងជើង ហើយបាននិយាយថា លោកមានការភ្ញាក់ផ្អើលចំពោះ «ភាពស្ងៀមស្ងាត់» របស់ប្រទេសចិន។
ជាការឆ្លើយតប ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនមិនបានដឹងពីស្ថានភាពជាក់លាក់នៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកូរ៉េខាងជើង នឹងរុស្ស៊ីនោះទេ៕ ដោយ៖ ធីរីណា
រូបថត៖ KCNA