ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹង ស្តីពីការព្យាកររយៈពេល ៣ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីការព្យាកររយៈពេល ៣ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ ។

តាមការអង្កេត ពិនិត្យនិងវិភាគទៅលើស្ថានភាពវិវត្តប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័របានបង្ហាញឱ្យឃើញថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ខែមករា ឆ្នាំ២០២៥ បាតុភូតឡានីញ៉ា (La Nina) មានប្រមាណ៦០% និងអេនសូ (ENSO) ៤០% តាមសន្ទស្សន៍នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់ និងទទួលរបប ទឹកភ្លៀងមានបរិមាណតិចតួច ហើយនឹងធ្វើឱ្យធាតុអាកាស ចាប់ពីសប្តាហ៍ទីពីរ ខែវិច្ឆិកា ដល់ខែមករា ឆ្នាំ២០២៥ មាន៖

១.តំបន់វាលទំនាប៖

ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល ខេត្តតាកែវ និងរាជធានីភ្នំពេញ មានសីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ខ្យល់បក់មកពីទិសឦសាន និងអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥%។

២. តំបន់ខ្ពង់រាប៖

ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី មានសីតុណ្ហភាព មធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C និងមានខ្យល់បក់មកពីទិសឦសាន និងទិសឧត្តរ។

៣.តំបន់មាត់សមុទ្រ៖

ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាព មធ្យមអតិបរមា៣២°C និងមានខ្យល់បក់មកពីទិសឦសាន និងអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។

ដោយឡែក តំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងជួរភ្នំបូកគោ មានសីតុណ្ហភាពមធ្យមអប្បបរមា១៩°C និង សីតុណ្ហភាពមធ្យមអតិបរមា៣០°C និងមានខ្យល់បក់មកពីទិសឦសាន។

យោងតាមការវិវិត្តប្រែប្រួលដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាចូលរួមក្នុងការប្រើប្រាស់ទឹក ដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុក ដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដានអំពីស្ថានភាពធាតុអាកាស និងអាកាសធាតុ ដើម្បីជម្រាបជូនដំណឹងជាបន្ត បន្ទាប់ ក្នុងករណីមានការវិវត្តប្រែប្រួល។

សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖