ភ្នំពេញ៖ គួរឱ្យរន្ធត់ណាស់! យុវជន២នាក់បានស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ ខណៈពេលជិះម៉ូតូឌុបគ្នាចេញពីធ្វើការត្រឡប់ទៅផ្ទះវិញស្របពេលមេឃកំពុងធ្លាក់ភ្លៀងត្រូវរថយន្ដមិនស្គាល់ម៉ាកបុកពីក្រោយរុញទៅផ្ទប់ជាមួយរថយន្ដខាងមុខដែលនៅចាំភ្លើងស្កុប ឯរថយន្ដបង្កបើករត់គេចបាត់ស្រមោលទៅ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ យប់និង០០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ៦អា ត្រង់ចំណុចភ្លើងស្កុបក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចាន់រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងតទឹកតភ្លើង មានស្រុកកំណើតនៅភូមិកប្បាស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នរស់នៅម្ដុំលូប្រាំ ស្នាក់នៅបន្ទប់ជួល។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BQ-9521 ឌុបគ្នាចេញពីធ្វើការនៅក្នុងបុរីមេគង្គលែនដើម្បីត្រឡប់ទៅផ្ទះម្ដុំលូប្រាំ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ៦អា ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យម ស្របពេលមេឃកំពុងធ្លាក់ភ្លៀងផងដែរ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើក៏បានបង្អង់ម៉ូតូរៀបនិងឈប់រង់ចាំភ្លើងខៀវ ខណៈពេលនោះក៍មានរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿងបានធ្វើដំណើរតាមក្រោយក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ក៍រេចង្កូតមកបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្ដាលអោយម៉ូតូរុញទៅផ្ទប់នឹងរថយន្ដមួយគ្រឿងទៀតម៉ាកតូយ៉ូតា HiLUX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BT. 0089 ដែលឈប់រង់ចាំភ្លើងខៀវបណ្ដាលអោយយុវជន២នាក់ស្លាប់ម្នាក់ដែលជិះនៅខាងក្រោយ និងម្នាក់ទៀតអ្នកឌុបរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម។ ចំណែករថយន្ដបង្កបានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ ចំពោះរថយន្ដបង្កសមត្ថកិច្ចកំពុងធ្វើការស្រោវជ្រាវនិងពិនិត្យមើលកាមេរ៉ាសុវត្តិភាពដើម្បីនាំខ្លួនអ្នកដែលបង្កមកចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ចំណុចកើតហេតុទាក់ទងខាងសមត្ថកុិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្ដខាងលើនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ