ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៨០៦គ្រួសារ នៅស្រុកស្ទឹងត្រង់ ទទួលបានពូជស្រូវពី រាជរដ្ឋាភិបាល ដើម្បីដាំដុះស្តារជីវភាពឡើងវិញ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមុិញ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ របស់ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូន ប្រជាកសិករ ចំនួន ៨០៦គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ក្នុងស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ។

ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចែកជូន ពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយពូជស្រូវ OM5451នេះ គឺសម្រាប់ស្ដារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះនាពេលកន្លងមក ជាពិសេសជាប្រភេទពូជស្រូវដែលល្អ មិនប្រកាន់ចំពោះរដូវ កាល និងមានរយៈពេលខ្លី ដែលអាចទទួលបានទិន្នផលខ្ពស់ទៀតផង ដូច្នេះនៅពេលដែលបងប្អូន ទទួលបានពូជស្រូវនេះហើយ សូមយកទៅដាំដុះឱ្យបានទាន់ពេលវេលា ដើម្បីស្តារជីវភាពគ្រួសារ ឡើងវិញ ។

លោក អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្តល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបំរុង ចែកជូនដល់បងប្អូនប្រជាកសិករ ចំនួន ៨០៦គ្រួសារ ដោយក្នុង ១គ្រួសារ ចំនួន ១០០គីឡូក្រាម ដើម្បីធ្វើការដាំដុះស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់ ទន្លេមេគង្គ នាពេលកន្លងមក ព្រមទាំងបានចាត់មន្ត្រីជំនាញឱ្យចុះបង្ហាត់បង្រៀនពីរបៀបនៃការដាំដុះផងដែរ។

ក្នុងឱកាសនោះ លោក ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាល គឺជួយបងប្អូនប្រជាកសិករ ឱ្យមានសន្តិសុខស្បៀង និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ពោលគឺមានហូបគ្រប់គ្រាន់ និងមានបាន ដោយរាជរដ្ឋាភិបាល មិនទុកនរណាម្នាក់ចោលនោះទេ និងតែងតែយកចិត្តទុកដាក់ ផ្តល់ជំនួយ ព្រមទាំងជួយស្តារនូវផលប៉ះពាល់កន្លងមក។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ក្នុងការរក្សាស្ថេរភាពថ្លៃកសិផល កាត់បន្ថយថ្លៃដេីមផលិត ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មានការប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករក្នុងគោលបំណងបង្កើនផលិតភាពកសិកម្ម ជំរុញជីវភាព ធានាបាននូវសន្តិសុខ និងសុវត្តិភាពស្បៀងផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖