ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ធនធាន​ទឹក​ ចេញសេចក្តីពន្យល់ស្ដីពីការដាក់ឈ្មោះព្យុះនៅក្នុងអាងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិងសមុទ្រចិនខាងត្បូង

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងធនធានទឹក និងឧតុនិយម បានតាមដានជាប់ជាប្រចាំអំពីសកម្មភាពព្យុះនៅក្នុងតំបន់ ប្រសិនបើមានការដាក់ឈ្មោះជាផ្លូវការដោយស្ថាប័នជំនាញខាងលើ ហើយក្រសួងតែងតែជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបជាព័ត៌មាន។ រាល់ការដាក់ឈ្មោះព្យុះក្រៅពីការជូនដំណឹងរបស់ក្រសួងគឺចាត់ទុកថាមិនផ្លូវការនោះទេ។ 

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបដល់សាធារណជនមេត្តាជ្រាបពីរបៀបនៃការ ដាក់ឈ្មោះព្យុះនៅក្នុងអាងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង ដូចខាងក្រោម៖

១. ការដាក់ឈ្មោះគឺធ្វើឡើងដោយគណៈកម្មាធិការព្យុះទីហ្វុង (Typhoon Committee) ដែលមានសមាជិក ចំនួន ១៤ប្រទេស ដូចជា កម្ពុជា ចិន កូរ៉េខាងជើង ហុងកុង ឡាវ ម៉ាកាវ(ចិន) ម៉ាឡេស៊ី ម៉ាយក្រូនេស៊ី ហ្វីលីពីន កូរ៉េខាងត្បូង ថៃ អាម៉េរិក និងវៀតណាម។ គណៈកម្មាធិការនេះបានបង្កើតឡើងនៅឆ្នាំ១៩៦៨ ដែលសម្របសម្រួល ដោយអង្គការឧតុនិយមពិភពលោក (WMO) និងគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់ អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) ហើយមានការប្រជុំប្រចាំឆ្នាំដែលចូលរួមពីប្រទេសជាសមាជិកទាំងអស់។

២. គ្រប់ប្រទេសជាសមាជិកមានសិទ្ធិដាក់ឈ្មោះព្យុះចំនួន១០ រួចផ្ញើជូនគណៈកម្មាធិការធ្វើការសម្រេច ដើម្បី ចូលរួមឱ្យមានឈ្មោះនៅពេលដែលមានព្យុះកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង។ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសមាជិកគណៈកម្មាធិការក៏បានផ្តល់ឈ្មោះព្យុះចំនួន១០ ដើម្បីជូន គណៈកម្មាធិការសម្រេច ដែលឈ្មោះទាំងនោះផ្អែកលើអត្ថន័យ សំឡេង និងព្យាង្គផងដែរ។

៣. សម្រាប់អាងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង ដែលមានប្រទេសចំនួន១៤ ដូច បានជម្រាបជូនខាងលើជាសមាជិកមានលេខាធិការដ្ឋានស្ថិតនៅទីក្រុងម៉ាកាវប្រទេសចិន ដែលទទួលខុសត្រូវអង្កេត តាមដានសកម្មភាពព្យុះក្នុងតំបន់នេះដោយសហការជាមួយប្រទេសជាសមាជិក ហើយបើសិនមានប្រព័ន្ធសម្ពាធទាប ណាមួយវិវត្តដល់កម្រិតព្យុះ នឹងមានការដាក់ឈ្មោះទៅតាមបញ្ជីដែលគណៈកម្មាធិការបានសម្រេច។

ខាងក្រោមនេះជាតំណភ្ជាប់ដែលមានបញ្ជីឈ្មោះព្យុះត្រូវប្រើ៖

– https://www.typhooncommittee.org/index.php?route=product/category&path=73_87

– https://wmo.int/content/tropical-cyclone-naming/western-north-pacific-and-south-china-sea-names

ក្រសួងធនធានទឹក និងឧតុនិយម បានតាមដានជាប់ជាប្រចាំអំពីសកម្មភាពព្យុះនៅក្នុងតំបន់ ប្រសិនបើមាន ការដាក់ឈ្មោះជាផ្លូវការដោយស្ថាប័នជំនាញខាងលើ ហើយក្រសួងតែងតែជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប ជាព័ត៌មាន។ រាល់ការដាក់ឈ្មោះព្យុះក្រៅពីការជូនដំណឹងរបស់ក្រសួងគឺចាត់ទុកថាមិនផ្លូវការនោះទេ។ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

ដោយ​៖ តារា​


ចែករំលែក៖